រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
នៅព្រឹកថ្ងៃ២៧ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃមានរៀបចំកិច្ចប្រជុំពិសេសមួយ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួមហាផ្ទៃ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ទៅលើសកម្មភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តពោធិសាត់តាមឧទ្ធម្ភាគចក្រ។
ក្រោយពីបានចុះពិនិត្យ គណៈកម្មការបានវាយតម្លៃជាបឋមថានៅតែមានបទល្មើសនេសាទនៅមានសេសសល់នៅឡើយ។ ជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិសាត់ ដែលចាំបាច់ត្រូវរៀបចំកិច្ចប្រជុំជាបន្ទាន់នេះឡើង ដើម្បីដាក់ចេញនូវវិធានការមួយចំនួនដូចតទៅ៖
១-ខេត្តពោធិសាត់ ខេត្តបាត់ដំបង និងខេត្តសៀបរាប
គណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំកំលាំងសរុបចុះបន្តបោសសំអាតបទល្មើសដែលនៅសេសសល់បន្តទៀត គួបផ្សំនិងការជួយឧទ្ធម្ភាគចក្រត្រួតពិនិត្យមើលពីលើផងដែរ ។
២-ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សវឿន និងឯកឧត្តម ណៅ ធួក ត្រូវដឹកនាំកំលាំងពិសេសដោយសហការជាមួយប្រធានគណៈបញ្ជាការឯកភាពចេញទៅប្រតិបត្តិការនៅក្នុងទឹកដីខេត្តទាំងពីនេះ ក្នុងរយៈពេលពីរសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។
៣-គណៈកម្មការចម្រុះអន្តរក្រសួងនឹងចុះត្រួតពិនិត្យនៅក្រោយពីរសប្តាហ៍បន្តទៀត ៕