​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​បាន​ទទួល​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​នូវ​ទំនិញ​យុទ្ធសាស្ត្រ​ជា​អង្ករខ្សាយ​ចំនួន ១,៦៥០​គីឡូក្រាម

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​ដោយ​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ក្នុង​សង្កាត់​ប៉ោយ​ប៉ែត ក្រោម​ការដឹកនាំ​របស់​លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត ព្រមទាំង​លោក​ចៅសង្កាត់​រង និង​សមាជិក​ក្រុមប្រឹក្សា រួម​នឹង​ក្រុម​ការងារ​ទាំងអស់ ពិសេស​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រាតត្បាត​របស់​វីរុស​កូវី​ដ​-១៩ (COVID-19) នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សប្បុរសជន​ជាច្រើន​នាក់​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​ឧបត្ថម្ភ​ចូលរួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​មនុស្សធម៌​។​

​ជាមួយគ្នានេះ នៅ​ព្រឹក ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២០ លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត និង​លោក វ៉ា ជឹម​ណា​រ៉េត ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ប៉ោយ​ប៉ែត ព្រមទាំង​លោក ប៊ុន សុ​វុទ្ធា សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ក្នុង​នាម​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត បាន​ទទួល​ការឧបត្ថម្ភ​ពី​សប្បុរសជន​ជា​អង្ករ​ខ្សាយ ចំនួន ៣៣​បាវ (​ក្នុង​មួយ​បាវ​ទម្ងន់ ៥០​គីឡូក្រាម​) សរុប​ស្មើនឹង ១,៦៥០​គីឡូក្រាម ប្រកបដោយ​ទឹកចិត្ត​សប្បុរស​ចូលរួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌​តាម​ភាពចាំបាច់​ជាក់ស្តែង ក្នុងស្ថានភាព​ដែល​អាជ្ញាធរ​សង្កាត់​កំពុង​បន្ត​ចុះ​បំពេញ​កាតព្វកិច្ច​ការពា​រ​និង​សង្គ្រោះ​សុខភាព និង​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រឆាំងនឹង​វីរុស​កូវី​ដ​-១៩ (COVID-19)​។​

​នាម​សប្បុរសជន ដែល​បាន​ឧបត្ថម្ភ​ចូលរួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត នា​ព្រឹក​ថ្ងៃនេះ រួមមាន​៖
១-​លោក ហង្ស សុ​ផៃ និង​លោកស្រី សៀង ហួ​ង ព្រមទាំង​បុត្រ បាន​ឧបត្ថម្ភ​អង្ករ​ខ្សាយ ចំនួន ១០​បាវ ស្មើនឹង ៥០០​គីឡូក្រាម​។​
២-​លោក មួង ជ្រឿន និង​អ្នកស្រី នាង សុវណ្ណារ៉ា ព្រមទាំង​បុត្រ ឧបត្ថម្ភ​អង្ករខ្សាយ ចំនួន ១០​បាវ ស្មើនឹង ៥០០​គីឡូក្រាម​។​
៣-​លោក សាយ សុ​ី​យ៉ូត និង​ភរិយា ព្រមទាំង​បុត្រ ឧបត្ថម្ភ​អង្ករខ្សាយ ចំនួន ០៣​បាវ ស្មើនឹង ១៥០​គីឡូក្រាម​។​
៤-​លោក កៅ និង​អ្នកស្រី ចាន់នី ថៅកែ​ត្រី ព្រមទាំង​បុត្រ ឧបត្ថម្ភ​អង្ករខ្សាយ ចំនួន ០៥​បាវ ស្មើនឹង ២៥០​គីឡូក្រាម​។​
៥-​លោកប៉ា​អុល និង​អ្នកស្រី ម៉ៅ ថៅកែ​ត្រី ព្រមទាំង​បុត្រ ឧបត្ថម្ភ​អង្ករខ្សាយ ចំនួន ០៥​បាវ ស្មើនឹង ២៥០​គីឡូក្រាម​។​

​សូមជម្រាបថា អំណោយ​ជា​ទំនិញ​យុទ្ធសាស្ត្រ (​អង្ករ​ខ្សាយ​) របស់​នាម​សប្បុ​សជន​ទាំងអស់​ខាងលើ​ដែល​បាន​បរិច្ចាគ​នា​ចូលរួម​ឧបត្ថម្ភ​ជូន​រដ្ឋបាល​សង្កាត់​នាពេលនេះ ត្រូវបាន​ចាត់ទុក​ថា​ជា​ការចូលរួម​ត្រូវ​ពេល​ក្នុង​ស្ថានភាព​ដែល​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ខិតខំ​ប្រឹងប្រែង​ចុះ​បំពេញ​កាតព្វកិច្ច​ការពា​រ និង​សង្គ្រោះ​សុខភាព​និង​ជីវិត​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ (COVID-19) នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ​៕