​សេចក្តីជូនដំណឹង​ស្តីពី “​ការហាម​ពលរដ្ឋ​ខ្មែរ​ចូល​លែង​ល្បែង​ផ្សេងៗ​ក្នុង​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​”!

រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ជា​ម្ចាស់​អាជីវកម្ម កាស៊ីណូ​នៅ ក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យបាន​ជ្រាបថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ខេត្ត​ព្រះសីហនុ ក៏​ដូចជា​ខេត្ត​ជាប់​បណ្តា​ព្រំដែន​មួយចំនួន​ទៀត​ដែរ បានអនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​កាស៊ីណូ ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍ ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​រួមមាន ផ្ទះសំណាក់ សណ្ឋាគារ មណ្ឌល​កម្សាន្ត កាស៊ីណូ និង​ទី​កម្សាន្ត​នានា​។​

​ចំពោះ​ផ្នែក​កាស៊ីណូ​បាន​កើតមានឡើង​ជា​បន្ត​បន្ទាប់ ដើម្បី​បម្រើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​លេង​កម្សាន្ត​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​កាស៊ីណូ​មួយ​ចំនួន ពុំ​បាន​គោរព​តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​នោះទេ គឺ​បាន​អនុញ្ញាត​ឱ្យមាន​ភ្ញៀវ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង​ផ្សេងៗ​ក្នុង​កាស៊ីណូ​ផងដែរ ជាហេតុ​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់​កត្តា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជាពិសេស គឺ​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល “​ហាម​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​”​។​

​អាស្រ័យហេតុនេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ សូម​ស្នើ​ដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ដែល​ជា​ម្ចាស់​អាជីវកម្ម កាស៊ីណូ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ទប់ស្កាត់​ការ​ចូល​លេង​ល្បែង​កាស៊ីណូ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​។​

​សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ជា​ម្ចាស់​អាជីវកម្ម កាស៊ីណូ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់​ត្រូវ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ និង​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ៕

 

IMG-20170127-WA0012 IMG-20170127-WA0013