ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
ស្ថិតក្នុងស្ថានភាពដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺរាលដាល កូវីដ-១៩ (COVID-19) និងអនុវត្តតាមគោលការណ៍ណែនាំរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាសមាជិកគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោក ស្រិល អុិន ចៅសង្កាត់ នៃសង្កាត់ផ្សារកណ្តាល រួមនឹងក្រុមការងារសង្កាត់ ក្រុមការងារភូមិ និងកម្លាំងប្រជាការពារភូមិ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រុង បានបន្តធ្វើយុទ្ធនាការប្រឆាំងនឹងជំងឺ COVID-19 ដោយចុះតាមលំនៅដ្ឋានក្នុងមូលដ្ឋានភូមិព្រៃគប់ និងភូមិអូរនាង ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរចុះយុទ្ធនាការតាមដានស្ថានភាពសុខភាពដល់លំនៅដ្ឋានរបស់បងប្អូនពលករខ្មែរទាំងឡាយដែលទើបត្រលប់មកពីបរទេសវិញនេះ ក្នុងនាមអាជ្ញាធរក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ផ្សារកណ្តាល រួមនឹងក្រុមការងារភូមិ និងក្រុមគ្រូពេទ្យជំនាញបានធ្វើការផ្សព្វផ្សាយសារអប់រំស្ដីពីការការពារជំងឺបង្កដោយវីរុសកូវីដ-១៩ ព្រមទាំងវាស់កំដៅក្នុងខ្លួន និងចែកម៉ាសបន្ថែមជូនពួកគាត់ផងដែរ។
សូមជម្រាបថា រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានរៀបចំផែនការឆ្លើយតបជំងឺ COVID-19 នៅគ្រប់សង្កាត់ទាំង៣ (សង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្ដាល និងសង្កាត់និមិត្ត) ទៅតាមការវិវត្តន៍នៃការរីករាលដាលនៃវីរុសនេះរួចជាស្រេច និងអនុវត្តសកម្មភាពតាមផែនការដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តនៃការប្រយុទ្ធនឹងជំងឺ COVID-19។ ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានលើកទិសដៅប្រតិបត្តិជាយថាហេតុតាមស្ថានភាពជាក់ស្តែងនៃការរាតត្បាតជំងឺកូវីដ-១៩ ស្របតាមយន្តការរបស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) ខេត្តបន្ទាយមានជ័យផងដែរ៕