លោក សាំង ឃឺន មេភូមិ​អូរឫស្សី​ទទួល​អំណោយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ​និង​យុទ្ធសាស្ត្រ​ពី​សប្បុរសជន​ប្រឆាំងនឹង​វីរុស​កូវី​ដ​-១៩ (COVID-19)

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ ដែល​បង្កឡើង​ដោយ​ជំងឺ​រាលដាល COVID-19 និង​អនុវត្ត​តួនាទី​ភារកិច្ច​តាម​ការណែនាំ​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​ជា​សមាជិក​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19) ខេត្ត​បន្ទាយមានជ័យ និង​លោក ស្រិល អុិន ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្តាល ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ចុះ​បំពេញ​កាតព្វកិច្ច​ការពា​រ និង​សង្គ្រោះ​សុខភាព និង​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ក្រុមការងារ​ភូមិ​អូរឫស្សី​ដឹកនាំ​ដោយ​លោក សាំង ឃឺន មេភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល​។

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២០ ក្រុមការងារ​ភូមិ​អូរឫស្សី​បានទទួល​អំណោយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ (​ឧបករណ៍​វាស់​កម្តៅ​) និង​សម្ភារៈ​យុទ្ធសាស្ត្រ (​ម៉ាស និង​អាល់កុល​) ពី​សប្បុរសជន​ប្រឆាំងនឹង​វីរុស​កូវី​ដ​-១៩ (COVID-19) រួមមាន​៖

១-​លោក ជា គឹមឈុន តំណាង​ក្រុមហ៊ុន ឆាយ ឆាយ អ៊ិន​វេស​មេន (Chhay Chhay Investment Ltd) ឧបត្ថម្ភ​ម៉ាស ចំនួន ១,០០០ (​មួយ​ពាន់​) ម៉ាស និង​ឧបករណ៍​វាស់​កម្តៅ​ចំនួន ០១​គ្រឿង​។

២-​លោក ប៉ិល ផល្លី ជំនួយការ​ស្មៀន នៃ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ឧបត្ថម្ភ​ឧបករណ៍​វាស់​កម្តៅ​ចំនួន ០១​គ្រឿង​។​

៣-​លោក ញឹម សុផល អាជីវករ ឧបត្ថម្ភ​ជែល​អាល់កុល​លាងដៃ​ចំនួន ១០​ដប​។

​ក្នុង​ឱកាស​ប្រគល់​-​ទទួល​អំណោយ​នេះ លោក សាំង ឃឺន មេភូមិ​អូរឫស្សី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សប្បុរសជន​ទាំងអស់​ដេល​បាន​បរិច្ចាគ​ទ្រព្យ​ក្នុងដំណាក់កាល​ដ៏​លំបាក​នេះ​។ លោក សាំង ឃឺន បាន​គូសបញ្ជាក់ថា ក្នុងនាម​ក្រុមការងារ​ភូមិ​អូរឫស្សី​នឹង​យកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ (COVID-19) ក្នុង​មូលដ្ឋាន​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​៕