ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
ស្ថិតក្នុងស្ថានភាពនៃការវិវត្តន៍របស់ជំងឺកូវីដ-១៩ (COVID-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ ស្របពេលដែលរដ្ឋបាលក្រុងប៉ោយប៉ែតកំពុងប្រយុទ្ធប្រឆាំងការរាតត្បាតជាសកលនៃវីរុស COVID-19 និងដើម្បីចូលរួមចំណែកជាមួយការងារមនុស្សធម៌ក្រុង ឧបាសិកា តាន់ អ៊ូសឿម ត្រូវជាម្តាយបង្កើតលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកូនចៅទាំងអស់ និងលោក វ៉ាន់ ប៊ុនធី អនុប្រធានអង្គភាពលទ្ធកម្មក្រុងប៉ោយប៉ែត ព្រមទាំងក្រុមគ្រួសារបានសម្តែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តបរិច្ចាគទ្រព្យផ្ទាល់ខ្លួនជាអង្ករខ្សាយចំនួន ២,០០០គីឡូក្រាម (២តោន) ជូនទៅរដ្ឋបាលក្រុងប៉ោយប៉ែត រក្សាទុកចាត់ចែងតាមការគួរ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅសាលាក្រុងប៉ោយប៉ែត បានរៀបចំពិធីប្រគល់-ទទួល អង្ករខ្សាយ ចំនួន ២តោន របស់ឧបាសិកា តាន់ អ៊ូសឿម និងលោក វ៉ាន់ ប៊ុនធី ក្រោមអធិបតីភាពលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាសមាជិកគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំផែនការឆ្លើយតបជំងឺ COVID-19 ទៅតាមការវិវត្តន៍នៃការរីករាលដាលនៃវីរុសនេះរួចជាស្រេច និងអនុវត្តសកម្មភាពតាមផែនការដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តនៃការប្រយុទ្ធនឹងជំងឺ COVID-19។ ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានលើកទិសដៅប្រតិបត្តិជាយថាហេតុតាមស្ថានភាពជាក់ស្តែងនៃការរាតត្បាតជំងឺកូវីដ-១៩ ស្របតាមយន្តការរបស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) ខេត្តបន្ទាយមានជ័យផងដែរ៕