ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ស្នើសុំ​ឯកឧត្តម​អភិបាលខេត្ត​ស្រះកែវ​ពីរ​ចំណុច​សំខាន់​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​រួម​សហការ​គ្នា​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នៃ​ប្រទេស​ទាំង​ពីរ

ខេត្ត​ស្រះកែវ​-​ដោយ​: លាង សុភ័ក្ត្រ​

​នៅ​រសៀល​ថ្ងៃ​ពុធ ៩​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ខេត្ត អាជ្ញាធរ​ក្រុង​/​ស្រុក សមត្ថកិច្ច​ជំនាញ កងកម្លាំងប្រដាប់អាវុធ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ជាប់​នឹង​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ជួប​ប្រជុំ​ពិភាក្សា​ដោះស្រាយ​ការងារ​បន្ទាន់​មួយចំនួន​ជាមួយ ឯកឧត្តម វ​រ៉ា​ផាន់ សុ​វា​ណុន អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ នៅ​ទីស្នាក់ការ​គយ​ថៃ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​-​ខ្លង​ឡឹ​ក​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ទ្វេភាគី​នា​រសៀល​នេះ ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​សុំ​ជា​គោលការណ៍​រួម​ចំនួន ០២​ចំណុច ដល់​ឯកឧត្តម​អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ រួមមាន​៖

១-​ស្នើសុំ​ភាគី​ថៃ​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជា​ពលករ​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ចាត់​បញ្ជូន​មក​ជា​រាល់ថ្ងៃ សូម​មាន​កិច្ចសហការ និង​កំណត់​យក​ទីតាំង​ច្រកទ្វារព្រំដែន​ណា​មួយ​សមរម្យ ដូចជា​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ជាអាទិ ដើម្បី​ងាយស្រួល​ក្នុង​ការត្រួតពិនិត្យ ការពារ​ជំងឺ​កូវី​ដ​-១៩ ដែល​កន្លង​មក​បញ្ជូន​មក​តែ​តាម​ច្រករបៀង​ចម្កា​រគ ស្ថិតក្នុង​ភូមិ​ចម្កា​រគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

២-​ស្នើ​ឱ្យ​ភាគី​ថៃ​ជួយ​សម្រួល​ការចេញចូល​ដឹក​ដំឡូង​មី​របស់​ប្រជាកសិករ​ខ្មែរ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ដូចជា​នៅ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន ច្រក​ម៉ាឡៃ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ជាដើម​។​

​ក្រោយ​ពី​ការជជែក​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​រវាង​
​ភាគី​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ថៃ​) តាម​សំណើសុំ​របស់ ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សហការ​សម្របសម្រួល​ជួយ​ដល់​ប្រជា​ពលករ​ខ្មែរ និង​ដើម្បី​រួម​សហការ​គ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​ឯកឧត្តម វ​រ៉ា​ផាន់ សុ​វា​ណុន អភិបាលខេត្ត​ស្រះកែវ និង​កងកម្លាំង​បូព៌ា​ថៃ បាន​ឯកភាព​ជា​គោលការណ៍​រួម​ដូចខាងក្រោម​៖
១-​កំណត់​យក​ទីតាំង​ច្រក​អូរ​បី​ជាន់​-​គោក​ធ្យូង ជា​កន្លែង​តែ​មួយគត់​ដើម្បី​សម្របសម្រួល​ដល់​ពលក​រ ដែល​អាជ្ញាធរ​បញ្ជូនមក​ងាយស្រួល​ទាំង​ខាង​ថៃ និង​កម្ពុជា ដើម្បី​រួមគ្នា​ពិនិត្យ​សុខភាព​មុន​ពេល​អនុញ្ញាត​ឱ្យ​ចេញ​ដំណើ​រ​បន្ត​។ ជាមួយនេះ បន្ត​សហការ​ទប់ស្កាត់​ការ​លួច​ចេញ​តាម​ច្រករបៀង​ផ្សេងទៀត​។​

២-​តាម​សំណើសុំ​របស់​ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ សម្រួល​ចេញ​ដំឡូង​មី ទំនិញ​ចូល​តាម​ច្រក​តំបន់​ព្រំដែន​ផ្លូវការ​ណាមួយ​នោះ រដ្ឋបាល​ខេត្ត​ស្រះកែវ​នឹង​ធ្វើ​របាយការណ៍​សុំ​គោលការណ៍​ក្រសួង​ពាណិជ្ជកម្ម​ថៃ ដើម្បី​សម្រួល​ជូន និង​ផ្តល់ដំណឹង​ជម្រាប​ជូន​តាម​ក្រោយ​៕