រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
ពានរង្វាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលភ្ជាប់រូបចម្លាក់លោក ឌឺព្យាគូ ប៊ូតាំង ស្ថាបនិកកីឡាអូឡាំពិកត្រូវបានយកមកប្រគល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក សឺ មៀ សមាជិកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ នៅវិមានរាជរដ្ឋាភិបាល រាជធានីភ្នំពេញ។
ក្នុងពិធីប្រគល់ពានរង្វាន់ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកីឡា ព្រមទាំងកីឡាករ កីឡាការិនីកម្ពុជាជាច្រើនរូបផ្សេងទៀត ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា “ពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC President’s Trophy)” ដែលសម្តេចទទួលបានពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ មិនត្រឹមតែជាមោទនភាពថ្មីមួយទៀតសម្រាប់ជាតិកម្ពុជានោះទេ តែវាក៏នឹងក្លាយជាចលករថ្មីមួយទៀតសម្រាប់ជំរុញការអភិវឌ្ឍវិស័យកីឡានៅប្រទេស កម្ពុជាផងដែរ។
សម្រាប់ពានរង្វាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិនេះ មិនត្រឹមតែជាមោទនភាពសម្រាប់សម្តេច ភារិយា និងក្រុមគ្រួសាររបស់សម្តេចនោះទេ តែជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ។ សម្តេចតេជោ ក៏បានថ្លែងរំពឹងថាពានរង្វាន់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលសម្តេចទទួលបានក៏នឹងចូលរួមជួយជំរុញវិស័យកីឡាឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត ។
ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា បានថ្លែងក្នុងពិធីនោះថា “ពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺជាពានរង្វាន់ខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្តរជាតិ ផ្តល់ជូនកីឡាករ និងឥស្សរជន ថ្នាក់ដឹកនាំកីឡា ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ចលនាអូឡាំពិក”។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ពានរង្វាន់ប្រគល់ជូនសម្តេចតេជោ ជាពានរង្វាន់រឹតតែពិសេស និងកម្រមួយដែលប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានរៀបចំ និង ជ្រើសរើសរូបភាពពានរង្វាន់ដ៏មានគុណតម្លៃខ្ពស់ជាលើកដំបូងដោយមានរូបចម្លាក់លោក ឌឺព្យាគូ ប៊ូតាំង ស្ថាបនិកកីឡាអូឡាំពិកទំនើបជូនសម្តេចតេជោ”។
លោក សឺ មៀ សមាជិកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានថ្លែងថា “ការសម្រេចផ្តល់ពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនេះ បន្ទាប់ពីបានពិនិត្យឃើញការចូលរួមចំណែកយ៉ាងខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់វិស័យកីឡានៅកម្ពុជា និងជំរុញចលនាកីឡាអូឡាំពិក ជាពិសេសការកសាងបាននូវសមិទ្ធផលជាច្រើនសម្រាប់វិស័យកីឡានៅកម្ពុជា” ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅឆ្នាំ១៩៥១ ដែលមានឈ្មោះថា “គណៈកម្មាធិការអូឡាំពិកខ្មែរ” ដែលបានចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅលើកដំបូងនៅឆ្នាំ១៩៥៦ នាទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
ព្រោះតែសង្គ្រាមប្រទេសកម្ពុជាបានអវត្តមានពីគ្រួសារអូឡាំពិកទៅវិញរយៈពេល ២៤ឆ្នាំ គឺចាប់ពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៦។ ជាមួយគ្នានេះ ប្រទេសកម្ពុជាត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទទួលស្គាល់ឡើងវិញនៅឆ្នាំ១៩៩៤ ហើយមានឱកាសចូលរួមប្រកួតកីឡាអូឡាំពិកឡើងវិញឆ្នាំ១៩៩៦ នៅអាត្លង់តា សហរដ្ឋអាមេរិក៕