ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
នៅរសៀល ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំពិធីប្រគល់អំណោយជាគ្រឿងឧបភោគនិងបរិភោគ រួមនឹងថវិកាមួយចំនួន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជូនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សរុបចំនួន ១២៦នាក់។
អំណោយដែលបានបែងចែកជូនមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំង ១២៦នាក់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានឧបត្ថម្ភជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយត្រូវបានលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ធ្វើការបែងចែកប្រកបដោយតម្លាភាពប្រគល់ជូនមន្ត្រីក្រោមឱវាទ ក្នុងបរិយាកាសសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទឹកមុខរីករាយស្រស់ស្រាយគ្រប់ៗគ្នា។
អំណោយជារួម ដែលត្រូវប្រគល់ជូននេះ រួមមាន ៖
១-អង្ករខ្សាយទម្ងន់ ២,០០០គីឡូក្រាម (ពីរតោន)
២-សប៊ូ ចំនួន ៥០០ដុំ
៣-មី ចំនួន ៤កេះធំ (២៤កេះតូច)
៤-ថវិកាចំនួន ២,០០០,០០០ (ពីរលាន) រៀល។
សូមជម្រាបថា សកម្មភាពខាងលើនេះ សរបញ្ជាក់ឱ្យឃើញពីការលើកទឹកចិត្ត និងការយកចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលអន្តោប្រវេសន៍ ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជាសកលរបស់វីរុសកូវីដ-១៩ (COVID-19) នាពេលនេះ៕