ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងក្រុមគ្រួសារជាម្ចាស់អាជីវកម្មជួលតូប និងខ្ចុសបណ្តែតទឹកនៅអាងអម្រឹតអូរខៃដន សម្រេចមិនគិតថ្លៃជួលរយៈពេល ២ខែដល់អាជីវករទាំងអស់ដែលបានជួលប្រកបអាជីវកម្មនាពេលបច្ចុប្បន្ននេះ។
ស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ (COVID-19) ទាំងអស់គ្នា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងក្រុមគ្រួសារបានឯកភាពគ្នាសម្រេចថា មិនគិតថ្លៃឈ្នួលតូប និងខ្ចុសបណ្តែតទឹកទាំងអស់នៅក្នុងរមណីយដ្ឋានអាងអម្រឹតអូរខៃដន រយៈពេល ២ខែ គឺខែមីនា និងខែមេសា ឆ្នាំ២០២០។ ដែលវិធានការនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តលោក លោកស្រី ជាម្ចាស់អាជីវកម្មលក់ម្ហូបអាហារ និងភេសជ្ជៈគ្រប់ប្រភេទ ដើម្បីធានានិរន្តរ៍ភាពអាជីវកម្មរបស់ពួកគាត់។
សូមជម្រាបផងដែរថា រមណីយដ្ឋានអាងអម្រឹតអូរខៃដន មានទីតាំងស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕