រាជធានីភ្នំពេញ-ដោយ: លាង សុភ័ក្ត្រ
យោងលិខិតរបស់ក្រសួងសុខាភិបាល លេខ ០៣៤ អបស.មព ចុះថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានជម្រាបមកលោក លោកស្រី ជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ដោយក្រសួងមិនអនុញ្ញាតឱ្យសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ (COVID-19) និងធ្វើតេស្តរកមេរោគកូវីដ-១៩។
ក្នុងលិខិតដដែល បានបញ្ជាក់ថា ក្រសួងសុខាភិបាលសូមជម្រាបជូនលោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីបង្ការការឆ្លង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ការណែនាំដូចខាងក្រោម៖
១-មិនអនុញ្ញាតឱ្យធ្វើការព្យាបាលជំងឺកូវីដ-១៩ និងធ្វើតេស្តរកមេរោគនៃជំងឺកូវីដ-១៩ នៅតាមសេវាពិនិត្យព្យាបាលឯកជនរបស់លោក លោកស្រី ជាដាច់ខាត លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
២-ប្រសិនបើមានអ្នកជំងឺទៅពិនិត្យជំងឺនៅកន្លែងព្យាបាលរបស់លោក លោកស្រី ហើយអ្នកជំងឺនោះមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាដូចជា មានគ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពី ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀតក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ បញ្ជាក់ពីមន្ទីរពីសោធន៍ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា សូម លោក លោកស្រី ធ្វើការរាយការណ៍ជាបន្ទាន់ទៅទូរស័ព្ទទាន់ហេតុការណ៍លេខ១១៥ ឬប្រធានមន្ទីរសុខាភិបាលរាជធានី/ខេត្ត ព្រមទាំងធ្វើការណែនាំដល់អ្នកជំងឺឱ្យចេះអំពីរបៀបការពារខ្លួនការចម្លងរោគកូវីដ-១៩ និងការចម្លងទៅអ្នកដទៃ ឬក្រុមគ្រួសារ។
៣-បន្ថែមពីលើនេះ លោក លោកស្រី ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវបន្តការផ្សព្វផ្សាយ និងណែនាំទៅដល់គ្រូពេទ្យដែលបម្រើការងារនៅក្នុងកន្លែងព្យាបាលជំងឺរបស់ខ្លួនឱ្យអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលខាងលើនេះឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
អាស្រ័យហេតុដូចបានជំរាបជូនខាងលើនេះ សូមលោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ អនុវត្តទៅតាមការណែនាំខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ក្នុងករណីដែលក្រសួងសុខាភិបាលស្រាវជ្រាវរកឃើញថា មានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនអនុវត្តតាមការណែនាំខាងលើនេះ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតតាមផ្លូវច្បាប់ជាធរមាន៕