រាជធានីភ្នំពេញ-ដោយ: លាង សុភ័ក្ត្រ
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០៧ សហវ ចុះថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់លោកនាយក/លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងចម្លងវីរុសកូវីដ-១៩ (COVID-19), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវវិធានការដូចខាងក្រោម៖
១-ក្រុមហ៊ុនកាស៊ីណូទាំងអស់ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២៤:០០នាទី នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី,
២-ចំពោះកាតព្វកិច្ចចំណូលប្រចាំខែ ត្រូវបានលើកលែងចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តទៅ រហូតដល់ថ្ងៃអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ,
៣-ក្នុងករណីអនុវត្តផ្ទុយពីការណែនាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការតាមច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមលោកនាយក/លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូទាំងអស់មេត្តាជ្រាប និងអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់៕