ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
នៅថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម គឹង វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីបរទេស ចំនួន ៤០ខ្នងផ្ទះ រស់នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម គឹង វណ្ណៈ បានត្រួតពិនិត្យកំដៅក្នុងខ្លួនបងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីបរទេស ព្រមទាំងចែកក្រមា និងម៉ាស់ធ្វើពីក្រណាត់ក្រមា និងផ្សព្វផ្សាយបន្ថែមសារអប់រំ ពិសេសរបៀបរស់នៅដាច់ពីគ្នា រយៈពេល ១៤ថ្ងៃ និងការថែទាំសុខភាពតាមរយៈការធ្វើអនាម័យ ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធនៃការរីករាលដាលរបស់ជំងឺកូវីដ១៩ (COVID-19) ដល់ប្រជាពលរដ្ឋដែលពួកគាត់ទើបវិលត្រលប់មកពីបរទេសមករស់នៅជួបជុំក្រុមគ្រួសារក្នុងភូមិដុងអារញ្ញនេះ។
ឯកឧត្តម គឹង វណ្ណៈ បានថ្លែងបញ្ជាក់សង្កត់ធ្ងន់ថា យោងតាមសារាចរណែនាំស្ដីពី “វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19” របស់រាជរដ្ឋាភិបាល លេខ ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរយៈពេល ១៤ថ្ងៃ នៅក្នុងបន្ទប់ដាច់ដោយឡែក ដូចខាងក្រោម៖
-បន្ទប់ត្រូវមានខ្យល់ចេញចូលល្អ។ ប្រសិនបើបន្ទប់តែមួយមិនអាចធ្វើបាន ត្រូវរក្សាចម្ងាយយ៉ាងហោចណាស់ពីរម៉ែត្រពីសមាជិកគ្រួសារផ្សេងទៀត។
-កាត់បន្ថយការប្រើប្រាស់កន្លែងទំនេររួម និងកាត់បន្ថយកន្លែងរស់នៅរួមគ្នា (ផ្ទះបាយ បន្ទប់ទឹក ជាដើម) -ក្នុងអំឡុងពេល ១៤ថ្ងៃនេះ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន និងរោគសញ្ញា រួមមាន កំដៅ ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងៗទៀត។
-បើមានរោគសញ្ញាណាមួយខាងលើ ឬបញ្ហាសុខភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឬប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឬប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ឬប្រធានមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះរបស់លោក អ្នក ដូចមានបញ្ជីលេខទូរស័ព្ទទំនាក់ទំនងជូនភ្ជាប់មកជាមួយ។
-អនុវត្តអនាម័យលាងដៃឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីប៉ះពាល់ជាមួយទឹករំអិលផ្លូវដង្ហើម។
-ខ្ទប់ច្រមុះ និងមាត់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យនៅពេលក្អក ឬកណ្ដាស់ រួចបោះចោលក្រដាសអនាម័យនោះចោលភ្លាមនៅក្នុងធុងសំរាមត្រឹមត្រូវ។
-ត្រូវសម្អាតបន្ទប់ទឹកស្នាក់នៅ និងបន្ទប់ទឹកឱ្យបានជាប្រចាំ។
-ត្រូវសម្អាតជានិច្ច និងបោកគក់សម្លៀកបំពាក់ ស្រោមពូកខ្នើយ និងគ្រឿងបរិក្ខាប្រើប្រាស់ផ្សេងៗ។
ជាចុងក្រោយ ឯកឧត្តម គឹង វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើចំពោះបងប្អូនប្រជាពលរដ្ឋថា “យើងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូវីដ-១៩ (COVID-19) តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា”៕