គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩ តែ​ម្នាក់​គត់ ក្រៅពី​នេះ​ជា​ព័ត៌មាន​មិន​ពិត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​យោង​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ចុះ​ថ្ងៃ​អាទិត្យ ៦​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២០​នេះ ដែលមាន​ខ្លឹមសារ​ពិស្តារ ដូចខាងក្រោម​៖
​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត សូម​ជម្រាប​ជូន​សាធារណជន​ឱ្យបាន​ជ្រាបថា ថ្មីៗ​នេះ​មាន​បណ្ដាញ​ព័ត៌មាន​សង្គម​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា មាន​ប្រជាពលរដ្ឋ​ចំនួន ១៥​នាក់​នៅ​ក្រុង​ប៉ោយប៉ែត​បាន​កើត​ជំងឺ​វីរុស​កូវី​ដ​-១៩ ហើយ​មាន​អ្នកស្លាប់​ទៀតផង ចំពោះ​ករណី​នេះ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត សូមបញ្ជាក់​ថា រហូតមកទល់​ពេលនេះ នៅ​ក្រុង​ប៉ោយប៉ែ​ត​ទើប​មាន​ប្រជាពលរដ្ឋ​ម្នាក់​គត់ ភេទ​ស្រី អាយុ ៣៦​ឆ្នាំ បម្រើការ​នៅ​ស្តា​ស៊ី​ធី (Star City) ស្នាក់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២០ ដែល​បាន​កំពុង​ថែទាំ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​។

​សូម​បញ្ជាក់​បន្ថែមថា ក្នុង​នោះ​ក្រុម​ការងារ​បាន​យក​សំណាក​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២៣​នាក់ ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ រកឃើញ​តែ ១​ករណី​គត់ ហើយ​ក៏​គ្មាន​ករណី​ស្លាប់​ផងដែរ​។​

​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត សូម​ជម្រាប​ជូន​ផងដែរ​ថា អាជ្ញាធរ​មិន​មាន​ការ​លាក់បាំង​ព័ត៌មាន​ជុំវិញ​ករណី​ជំងឺ​កូវី​ដ​-១៩ នោះទេ ហើយ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​អាជ្ញាធរ និង​ជឿជាក់​លើ​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​ពី​ក្រសួង​សុខាភិបាល​តែមួយគត់​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕