រាជធានីភ្នំពេញ-ដោយ: លាង សុភ័ក្ត្រ
យោងសេចក្តីជូនដំណឹង របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ លេខ ២៤១/២០/សកប៤ ចុះថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្តីពី “ការបន្តស្នាក់នៅ និងធ្វើការជាបណ្ដោះអាសន្នសម្រាប់បងប្អូនពលករខ្មែរ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩” ដែលបានជូនព័ត៌មានដល់សាធារណជនទាំងអស់ ជាពិសេសបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ឱ្យបានជ្រាបថា ក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយមិនអនុញ្ញាតឱ្យមានអ្នកធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា-ថៃនោះទេ ដែលជាហេតុធ្វើឱ្យបងប្អូនពលករខ្មែរមួយចំនួនប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ។
ចំពោះបងប្អូនពលករខ្មែរដែលទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារអស់សុពលភាព ស្ថានទូតសូមជម្រាបជូនថា ក្រសួងការងារថៃនឹង៖
១-បន្តឱ្យស្នាក់នៅជាបណ្ដោះអាសន្ន ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់ (Over Stay)។
២-ក្នុងករណីបងប្អូនពលករខ្មែរត្រូវការធ្វើការបន្ត ត្រូវឱ្យនិយោជកបញ្ជូនបញ្ជីឈ្មោះទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឱ្យបានរួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្ដោះអាសន្នបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
ក្នុងករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍តាមរយៈហ្វេសប៊ុកផេក ឬលេខទូរស័ព្ទ ០៩៤ ០៩២ ៥៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕