ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយរដ្ឋបាលក្រុងដឹកនាំដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្ត្រីក្រោមឱវាទអញ្ជើញចុះធ្វើយុទ្ធនាការចែកម៉ាសដែលជាអំណោយបានមកពីសប្បុរសជនចំនួន ១,០០០,០០០ (មួយលាន) ម៉ាស ជូនដល់មន្ត្រីនគរបាលច្រកទ្វារទាំងអស់ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបង្ការការឆ្លងមេរោគប្រភេទថ្មីឈ្មោះ “កូរ៉ូណាវីរុស”។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចូលរួមចាត់វិធានការបង្ការ និងឆ្លើយតបជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី (nCoV2019) ដែលបច្ចុប្បន្ននេះបានកំពុងរាតត្បាតនៅប្រទេសចិន និង
វីរុសនេះបានកំពុងចរាចនៅតាមបណ្តាប្រទេសមួយចំនួន ពិសេសប្រទេសជិតខាងជាប់កម្ពុជា (គិតត្រឹមម៉ោងនេះ ប្រទេសកម្ពុជាមិនទាន់មានករណីអ្នកឆ្លងវីរុស ឬអ្នកផ្ទុកវីរុសជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី នៅឡើយទេ) និងដើម្បីចូលរួមអនុវត្តនូវសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី បច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងសកម្មភាពចុះជាប់ផ្ទាល់នៃយុទ្ធនាការនាព្រឹកនេះ ត្រូវបានសាធារណជនមើលឃើញថា លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្ត្រីក្រោមឱវាទ បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរយ៉ាងហ្មត់ចត់ចំពោះសុខភាព និងសុខុមាលភាពរបស់មន្ត្រីនគរបាលច្រកទ្វារទាំងអស់ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបង្ការការឆ្លងមេរោគប្រភេទថ្មីឈ្មោះ “កូរ៉ូណាវីរុស”។ ជាមួយគ្នានេះ យុទ្ធនាការចែកម៉ាសខាងលើនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលពេញ ១ខែ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះតទៅ។
ទន្ទឹមគ្នានេះដែរ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រទាន់ពេលឆ្លើយតបនឹងបច្ចុប្បន្នភាពវីរុសសម័យថ្មី ព្រមទាំងអនុសាសន៍ដើមទាំងស្រុងដូចខាងក្រោម៖
“យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)”!
ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, ថៃ, វៀតណាម និងម៉ាឡេហ្សី។
អាការរោគគឺមានៈ ផ្តាសាយ ហៀរសម្បោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហនៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញ៉ាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។
មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្កែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។
សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង ។ ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា នេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ ១១៥ ជាបន្ទាន់។
ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលខលចូល។
សូមជម្រាបថា វិធានការបង្ការជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី (nCoV2019) មានដូចខាងក្រោម៖
១-គួរតែជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។
២-ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។
៣-ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៉ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។
៤-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។
៥-អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ឬក្រមា ឬក្រដាស។
៦-បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថានសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង៕