ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងប៉ោយប៉ែត លេខ ០៦៣/១៩ សជណ ចុះថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពី “បញ្ឈប់អាជីវកម្មលក់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ (ហ្គាស) ដែលគ្មានច្បាប់អនុញ្ញាតនៅក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត” ដោយមានខ្លឹមសារ ដូចខាងក្រោម៖
រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលកំពុងប្រកបអាជីវកម្មលក់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ (ហ្គាស) ដែលមិនមានច្បាប់អនុញ្ញាតនៅក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ទាំងអស់ឱ្យបានជ្រាបថាៈ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ បង្ការអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តដូចខាងក្រោម៖
១-គ្រប់អាជីវកម្មលក់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ (ហ្គាស) ដែលគ្មានច្បាប់អនុញ្ញាត ក្នុងទីប្រជុំជនក្រុងត្រូវបញ្ឈប់ការលក់ដូររបស់ខ្លួន ដោយទៅលក់ដូរនៅក្រៅក្រុងវិញ ទុករយៈពេលនៃការរុះរើរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ជាកំហិត។
២-ក្នុងរយៈពេលនៃការរុះរើ សូមគ្រប់ម្ចាស់អាជីវកម្ម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរៀបចំទីតាំងអាជីវកម្មរបស់ខ្លួនឱ្យបានសមស្របតាមបច្ចេកទេស។
៣-ចំពោះការទៅលក់ដូរនៅទីតាំងថ្មីក្រៅក្រុង ត្រូវមកសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាមុន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរខាងលើ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងនឹងមានវិធានការតាមនីតិវិធីរដ្ឋបាល។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មលក់ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ (ហ្គាស) នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ខាងលើនេះធ្វើឡើងដោយអនុលោមតាមសារាចរលេខ០៣២៩.រផ.បវប.សរធ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល ស្តីពី សុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ៕