ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ និង​ជា​ការបើក​ទំព័រ​សករាជ​ថ្មី សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: លាង សុភ័ក្ត្រ​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជា ៥,០០០​នាក់​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​អង្គពិធី​ទាំងមូល​ជ្រាបថា ខ្សែ​ផ្លូវ​អាទិភាព​ដែល​ត្រូវ​ស្ថាបនា​ជា ៣​ប្រភេទ​រួមមានៈ មហាវិថី​, វិថី និង​អនុ​វិថី រចនា​ឡើង​សម្រាប់​ទីក្រុង​ទំនើប ក្នុង​ចក្ខុវិស័យ​ផ្លូវ​មិន​ត្រឹមតែ​សម្រាប់​ធ្វើដំណើរ​ប្រកបដោយ ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​១-​ជា​លម្ហ​សាធារណៈ ប្រកប​ដោយ​មេត្រីភាព សុវត្ថិភាព និង​សមធម៌​, ២-​ផ្លូវ​ដើម្បី​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍ​ធុរកិច្ច​, ៣-​ផ្លូវ​ដើម្បី​លើកកម្ពស់​គុណភាព​នគ​រូបនីយកម្ម ភាព​ធន់​នឹង​អាកាសធាតុ និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ដោយ​ផ្តល់​អាទិភាព​ទៅ​លើ​ផ្លូវ​ថ្មើរជើង ផ្លូវ​ជនពិការ ផ្លូវ​ជិះ​កង់ បណ្ដាញ​បៃតង សួន​ជម្រាប​ទឹក ធម្មជាតិ​តាម​ដងផ្លូវ ដែលមាន​មេត្រីភាព​រវាង​មនុស្ស ធម្មជាតិ និង​ការធ្វើដំណើរ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ​ដែល​ជា​តំបន់​ប៉ូល​អភិវឌ្ឍ​មួយ​ដ៏​សំខាន់​ទៅ​ជា​ទីក្រុង​ឆ្លាត​វៃ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​មាន​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ឡូ​ជី​ស្ទីក និង​ច្រកចេញ​ចូល​អន្តរជាតិ​។

​ជាក់ស្តែង​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ មាន​ប្រវែង ៨៤,៥០៥ ម៉ែត្រ រង្វង់​មូល​ចំនួន​២ មាន​អង្កត់ផ្ចិត​ប្រវែង ៩៩​ម៉ែត្រ ត្រីកោណ​ផ្លូវ​ប្រសព្វ​១ លម្អ​ដោយ​រូបសំណាក​ដែល​បញ្ជាក់​អំពី​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​ជាតិ និង​ស្ពាន​ចំនួន​៦ ប្រវែង ២៥២​ម៉ែត្រ​។

​ផ្លូវ​ក្រុង​ទាំង ៣៤​ខ្សែ​នេះ​ចែកចេញ​ជា ៣​ប្រភេទ​រួមមាន​៖
​ប្រភេទ​ទី​១÷ មហាវិថី មាន​ចំនួន ៣​ខ្សែ ប្រវែង​សរុប ២២,៧៣១​ម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥.៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ៦​គន្លង (៣​ទៅ ៣​មក​) ផ្លូវ​ទោចក្រយានយន្ត ២​គន្លង រួមមានៈ មហាវិថី​រាម (​លេខ​៤៥), មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ (​លេខ​៤៧)​។​

​ប្រភេទ​ទី​២÷ វិថី មាន​ចំនួន ១៦​ខ្សែ មាន​ប្រវែង​សរុប ៤៩,៩៥៧ ម៉ែត្រ មាន​ទទឹង ២០​ម៉ែត្រ ទៅ ៤០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០.២៥​ម៉ែត្រ ទៅ ១៧.២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង​ទៅ ៤​គន្លង​, ផ្លូវ​ទោចក្រយានយន្ត ២​គន្លង រួមមានៈ វិថី​លេខ​៨៣៧-១ វិថី​អូរត្រេះ​, វិថី​ឆ្នេរ​អូរ​ឈើទាល (​លេខ​៥០០) វិថី​កោះ​ពូ​ឡូ​វៃ (​លេខ​៣០០), វិថី​ឯករាជ្យ (​លេខ​១០០), វិថី ២​ធ្នូ (​លេខ​៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ​, វិថី​ឆ្នេរ​អូរត្រេះ​, វិថី​គុជ​អាស៊ី (​លេខ​១២៣៧), វិថី​បុរី​កម្មករ (​លេខ​១១២), វិថី​ជោត​ញ្ញាណ (​លេខ ៧០១), វិថី​២៨​មិថុនា (​លេខ​១២៣), វិថី​មិត្តភាព​កម្ពុជា​-​រុស្សី (​លេខ​៧០៥), វិថី​ចំណោត​អូរ​ត្រាវ វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត​។​

​ប្រភេទ​ទី​៣÷ អនុ​វិថី មាន​ចំនួន ១៥​ខ្សែ មាន​ប្រវែង​សរុប ១១,៨១៧ ម៉ែត្រ មាន​ទទឹង​ផ្លូវ​ពី ១៥​ម៉ែត្រ ទៅ ៤៥​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០.២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង និង​ផ្លូវ​ទោចក្រយានយន្ត ២​គន្លង រួមមានៈ ផ្លូវ​កាត់​ទទឹង វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ​, ផ្លូវ​លេខ​៨០១, ផ្លូវ​លេខ​៥០១, ផ្លូវ​លេខ​៥០៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២, ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ​៨១៨៨, ផ្លូវ​លេខ​១០២, ផ្លូវ​លេខ​៨០៦, ផ្ល​វ​លេខ​១០៦ និង​ផ្លូវ​លេខ​១២៦ លើកលែង​តែ​កំណាត់​ទី​៣ នៃ​ផ្លូវ​លេខ​៨០១ ប្រវែង ១០៣​ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០​ម៉ែត្រ​។​

​ដោយឡែក​ចំពោះ​ការងារ​ឆ្នេរ និង​ការស្តារ​អូរ​ធម្មជាតិ ក្នុងនោះ អូរ​ធម្មជាតិ​ចំនួន​៥ ដែល​មាន​ទំហំ​តូច ដោយសារ​ការចាក់ដី ព្រមទាំង​ការសាងសង់​លំនៅដ្ឋាន និង សំណង់​នានា​លើ​និយាម​ការ​ដើម​របស់​អូរ​ធម្មជាតិ ដែល​ចាំបាច់ ត្រូវ​ធ្វើការ​ស្តារ​ឡើងវិញ​ដោយ​ប្រើប្រាស់ ថវិកា​ប្រមាណ ២.៥​លាន​ដុល្លារ​ពី​កញ្ចប់​ថវិកា ១០០​លាន​ដុល្លារ​។

​ជាមួយគ្នានេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​បាន​ឧបត្ថម្ភ​រថយន្ត​សម្អាត​ឆ្នេរ​ចំនួន ២​គ្រឿង នឹង​ត្រៀម​ផ្តល់​គ្រឿងចក្រ​ចំនួន ៥​គ្រឿង​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត​សម្រាប់​ការងារ​សម្អាត​ឆ្នេរ ស្តារ និង​ថែទាំ អូរ​ធម្មជាតិ​ទាំង​៥ ព្រមទាំង​បាន​សាងសង់​ស្ថានីយ​បូមទឹក​កខ្វក់​ចំនួន ៤​ទីតាំង និង​បាន​បំពាក់​ម៉ូទ័​របូម​ផលិត​នៅ​ប្រទេស​ជប៉ុន ម៉ាក EBARA មុខកាត់​២៥០/​ចេញ​៣០០ សរុប​ចំនួន ១០​គ្រឿង ដើម្បី​បូម​បង្វែរ​ទឹក​កខ្វក់ កុំឱ្យ​ហូរ​ចូលទៅ​ក្នុង​សមុទ្រ​។ បាន​ស្តារ​អូរ​សម្អាត​ក្រោយ​សណ្ឋាគារ​សុខា បាន​ប្រវែង​១,២២៤​ម៉ែត្រ និង​សាងសង់​ទំនប់​បង្ហៀរ​បាន​០១​ទីតាំង ស្តា​ព្រែក​អូរ​ឈើទាល​ពី​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ ១៦​ហិកតា ដល់​ឆ្នេរសមុទ្រ​អូរ​ឈើទាល​បាន​ប្រវែង ២,៤០០​ម៉ែត្រ និង​សាងសង់​ទំនប់​បង្ហៀរ​បាន ០៣​ទីតាំង ដាំ​ដើមឈើ​កោង​កាង​បាន​ចំនួន ១០,០០០​ដើម និង​បន្ត​ដាំ ៥,០០០​ដើម​ទៀត ដាំ​ដើម​នាងនួន​អម​សងខាង​មហាវិថី​ចំនួន​១០ ក្នុង​ក្រុង​ព្រះសីហនុ​បាន​ចំនួន ២,៤៥៨​ដើម និង​បន្ត​ដាំ ៤,៧៥៣​ដើម​ទៀត​។​

​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅ​ជា​ទីក្រុង​ទំនើប​ដែល​មាន​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច ជាពិសេស​ធានា​បាន​គុណភាព​ខ្ពស់ រឹងមាំ ប្រើប្រាស់​បាន​យូ​អង្វែង ការស្ថាបនា​ផ្លូវ​ក្រុង​ទាំង ៣៤​ខ្សែ ត្រូវ​គោរព​តាម​គោលការណ៍ និង​លក្ខណៈ​បច្ចេកទេស​ដូចខាងក្រោម​៖
១-​គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០ ដែល​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ អនុក្រឹត្យ​លេខ​៨១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។
២-​កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុចកណ្តាល​នៃ​ដី​ចំណី​ផ្លូវ​សាធារណៈ​ស្រប​តាម​ប្លង់​សុរិយោដី​។
៣-​សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត (Detailed Design) នៃ​ខ្សែ​ផ្លូវ​នីមួយៗ ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា អនុលោម​តាម​បទដ្ឋាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​÷
– ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់ ២៥០​មី​លី​ម៉ែត្រ ក្រាល​កៅស៊ូ​បេទីម (Asphalt Concrete) កម្រាស់ ៧០​មី​លី​ម៉ែត្រ បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែក​សរសៃ​ទំហំ ១២​មី​លី​ម៉ែត្រ​
– ចិញ្ចើម​ផ្លូវ​មាន​ផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង (Concrete Slab) និង​ផ្លូវ​ជិះ​កង់​ទទឹង ១.៥០​ម៉ែត្រ ក្រាល​កៅស៊ូ​បេទីម​កម្រាស់ ៥០​មី​លី​ម៉ែត្រ មាន​ដាំ​ស្មៅ និង​ដើមឈើ​ជា​ផ្ទៃ​បៃតង​ជ្រាប​ទឹក​
– ដាំ​ដើម​តែ និង​រុក្ខជាតិ​លម្អ​នៅតាម​ផ្លូវ​ដែល​មាន​ខឿន​សួន​កណ្ដាល ចែក​ទ្រូងផ្លូវ
– បង្កប់​លូ​ទឹកភ្លៀង​មុខកាត់ ១​ម៉ែត្រ និង​លូទឹកកខ្វក់​មុខកាត់ ១​ម៉ែត្រ តាម​បណ្តា​យ​សងខាង​ផ្លូវ​
– មាន​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​
– មាន​គំនូស​ចរាចរណ៍ និង​ផ្លាកសញ្ញា​ចរាច​រណ៍​តាម​បទដ្ឋាន​បច្ចេកទេស​
– ផ្លូវ​សំខាន់ៗ​នឹង​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​

​សូម​រម្លឹកថា នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ដក​ថវិកា​ចំនួន ១០០​លាន​ដុល្លារ ពី​ថវិកា​សន្សំ​របស់​ជាតិ ដោយ​សម្តេច​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្វើការ​ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព ចាត់ចែង​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ដាក់​ចេញ​គោលការណ៍ “​ស្លឹកត្នោត ខ្ចប់​ស្ករត្នោត​” សម្តេច​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដើម្បី​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង ដោយ​មាន​ការសហការ​ចូលរួម​ពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ជាក់ស្តែង ធ្វើការ​សិក្សា​លម្អិត​អំពី​ខ្សែ​ផ្លូវ​អាទិភាព ដែល​ត្រូវ​ស្ថាបនា​ដើម្បី​ស្តា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕/

pu191117a01 pu191117a02 pu191117a03 pu191117a04 pu191117a05 pu191117a06 pu191117a07 pu191117a08 pu191117a09 pu191117a10 pu191117a11 pu191117a12 pu191117a13 pu191117a14 pu191117a15 pu191117a16 pu191117a17 pu191117a18 pu191117a19 pu191117a20 pu191117a21 pu191117a23 pu191117a24 pu191117a25 pu191117a26 pu191117a27 pu191117a28 pu191117a29 pu191117a30 pu191117a31 pu191117a32 pu191117a33 pu191117a34 pu191117a35