ខេត្តកំពត-ដោយ: លាង សុភ័ក្ត្រ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងសកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការទៅតាមរយៈការស្នើសុំរបស់សាមីខ្លួន មេធាវី ឬក្រុមគ្រួសារជាអ្វីដែលលោកហៅថា ជាកិច្ចការចាំបាច់ត្រូវធ្វើក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋដោយសារអ្នកទាំងនោះចាញ់បោកមេខ្លោង។
ប្រសាសន៍ដ៏មានសារៈសំខាន់បំផុតនេះ បានថ្លែងក្នុងគ្រាដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “អ៊ីចឹងទេ សុំឱ្យតុលាការព្រះរាជអាជ្ញាហើយ ជាពិសេសក្រសួងយុត្តិធម៌ ធ្វើការណែនាំទៅ។ ឧទាហរណ៍ កំពតមានប៉ុន្មាននាក់? ធ្វើការទៅ មិនចាំបាច់ក្រសួងយុត្តិធម៌ក៏បានដែរនៅទីនេះ ព្រោះខ្ញុំបានបញ្ជានៅទីនេះហើយ។ ទៅវិញមានប៉ុន្មាននាក់ដែលបានចាប់ខ្លួនក្នុងរឿងក្តីនេះ? តែក្នុងរឿងក្តីរដ្ឋប្រហារនេះទេណា! តែរឿងគ្រឿងញៀន ឬចាប់រំលោភ អាហ្នឹងអត់ទេណា។ អត់ចូលក្នុងសំណុំរឿងហ្នឹងទេ។ មានចាប់ប៉ុន្មាននាក់នៅទីនេះ ឱ្យគេនៅក្រៅឃុំទៅ”។
យោងតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រមាណជាង ៧០នាក់ ក្រោមបទចោទ “រួមគំនិតក្បត់” បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសពីផែនការវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅ។
សម្តេចតេជោ សែន បានថ្លែងបន្តថា ទោះបីជាដោះលែងឱ្យនៅក្រៅឃុំក៏ដោយ រឿងក្តីរបស់សកម្មជនដែលត្រូវបានចាប់ខ្លួននោះមិនទាន់ត្រូវបានបញ្ចប់នោះទេគឺត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ប្រសិនបើពួកគេចង់ចេញទៅក្រៅប្រទេសគឺត្រូវសុំច្បាប់អនុញ្ញាត តែនៅក្នុងប្រទេស ពួកគេអាចធ្វើដំណើរទៅទីណាក៏បាន និងប្រកបមុខរបររកស៊ីអ្វីក៏បាន។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យដោះលែងសកម្មជនអតីតបក្សប្រឆាំង ២នាក់នៅខេត្តកំពតមុនគេនៅថ្ងៃម្សិលមិញ ប្រសិនបើតុលាការធ្វើកិច្ចការនេះបានទាន់ពេលដើម្បីឱ្យឃើញពីប្រសិទ្ធភាពនៃសម្ដីរបស់សម្តេច។ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា ការដែលលោកហ៊ាននិយាយបែបនេះ ព្រោះប្រព័ន្ធតុលាការកម្ពុជាអនុញ្ញាតឱ្យនីតិប្រតិបត្តិក្តាប់នយោបាយព្រហ្មទណ្ឌតាមរយៈដាក់ព្រះរាជអាជ្ញាឱ្យនៅក្រោមការពិនិត្យមើលរបស់ក្រសួងយុត្តិធម៌។
សម្តេចតេជោ ថ្លែងថា៖ “អ៊ីចឹងក្រសួងយុត្តិធម៌វាជានរណា? ក្រសួងយុត្តិធម៌វាជាក្រសួងមួយចំណុះឱ្យរាជរដ្ឋាភិបាល។ ដូច្នេះរាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី មានសិទ្ធិនឹងនិយាយ”។ ជាមួយគ្នានេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវដល់សកម្មជនអតីតបក្សប្រឆាំង ដែលបានរត់គេចខ្លួនទៅកាន់ប្រទេស ថៃ និងលាក់ខ្លួនក្នុងប្រទេសកម្ពុជាឱ្យត្រឡប់ចូលមកក្នុងប្រទេស និងផ្ទះវិញដោយមិនមានទោសពៃរ៍ និងការចាប់ខ្លួននោះទេ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ “ហ៊ុន សែន បញ្ជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់មិនត្រូវចាប់ចងអ្នកដែលបានទៅលាក់ខ្លួននៅក្នុងប្រទេសថៃនោះទេ។ អ្នកដែលមានដីកាចាប់ខ្លួនហើយ សូមអំពាវនាវឱ្យក្រសួងយុត្តិធម៌បញ្ជាប្រាប់ទៅ ព្រោះអានេះ ខ្ញុំបញ្ជាក់ប្រើពាក្យអ៊ីចឹង ព្រោះអ៊ីចេះ! ហេតុអីខ្ញុំករុណាខ្ញុំត្រូវប្រើពាក្យអ៊ីចឹង។ ប្រទេសរបស់យើង គឺអនុវត្តប្រព័ន្ធតុលាការតាមបែបបារាំង ដោយរដ្ឋាភិបាលក្តាប់នូវនយោបាយព្រហ្មទណ្ឌ។ ដូច្នេះរដ្ឋមន្ត្រីយុត្តិធម៌មានសិទ្ធិធ្វើការជាមួយនឹងព្រះរាជអាជ្ញា។ អ៊ីចឹងព្រះរាជអាជ្ញាដែលបានចេញដីកាចាប់ខ្លួនមនុស្សមួយចំនួន គប្បីត្រូវដក លុបដីកានោះចេញ ដើម្បីអនុញ្ញាតឱ្យគេវិលមកស្រុក”៕