ខេត្តបន្ទាយមានជ័យ-ដោយ: លាង សុភ័ក្ត្រ
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។
ពិធីនេះ បានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមវត្តមានជាកិត្តិយសរបស់ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងលោកស្នងការ ស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត ប្រធានការិយាល័យ អង្គភាពជុំវិញក្រុង-ស្រុក លោកចៅសង្កាត់ មេឃុំ ចៅសង្កាត់រង ជាច្រើនរយនាក់បានអញ្ជើញចូលរួម។
ក្នុងបរិយាកាសប្រកបដោយអត្ថន័យនេះ លោក កុសល សុពិនគ្ឃ ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឡើងអានប្រកាសលេខ ១៣៩ ដនស/ប្រក/ប ស្តីពី ការតែងតាំងលោក អាង ណារិទ្ធ ចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ជំនួសលោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីរទៅបំពេញភារកិច្ចនៅទីស្តីការក្រសួងចាប់ពីសេចក្តីប្រកាសនេះតទៅ។
ក្នុងឱកាសនោះ លោក អាង ណារិទ្ធ បានឡើងប្តេជ្ញាចិត្តថា ក្រោយពីលោកបានចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រួចមកលោកនឹងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះលោកនឹងខិតខំដឹកនាំមន្ត្រីក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តទាំងអស់ជួយរកដំណោះស្រាយករណីវិវាទដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរលូនទៅថ្ងៃមុខ។
ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការផ្ទេរភារកិច្ច លោក អាង ណារិទ្ធ មកជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ជំនួសលោក ប្រាក់ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ដែលត្រូវផ្លាស់ប្តូរឱ្យទៅបំពេញការងារនៅទីស្តីការក្រសួងមិនអាចប្រកែកបានឡើយ។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានចូលរួមអបអរសាទរចំពោះលោក អាង ណារិទ្ធ ដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្ត និងប្រគល់ភារកិច្ច ហើយចូលកាន់មុខតំណែងពេលនេះ។ ឯកឧត្តម បានណែនាំបន្ថែមឱ្យមន្ត្រីទាំងសុរិយោដី នគរូបនីយកម្ម និងសំណង់ទាំងអស់ត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឱ្យបានរលូនពោលគឺត្រូវធ្វើឱ្យបានជាអតិបរមា។
ជាមួយគ្នានេះ ឯកឧត្តម ឆាន់ សាផាន បានជំរុញឱ្យមន្ត្រីរាជការទាំងអស់នៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ រឹតបណ្តឹង និងដាក់ពិន័យ ឬលុបឈ្មោះចេញពីមន្ត្រី ចំពោះមន្ត្រីដែលអសកម្ម និងការងារ និងត្រូវបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួនឱ្យបានល្អ។
ឯកឧត្តម គណៈអធិបតី បានថ្លែងអំណគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមស្វែងយល់អំពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដើម្បីពិនិត្យថាតើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មានភាពសុក្រឹតទាំងការងារបច្ចេកទេស និងផ្លូវច្បាប់ត្រឹមត្រូវហើយ ឬនៅ?។ សកម្មភាពទាំងអស់នេះ បានរួមចំណែកផ្តល់នូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងជំរុញឱ្យមានទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៦នេះ៕