ក្រសួង​ព័ត៌មាន​តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​!!

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​

​យោងតាម​លិខិតផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​។​

​ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់ថា “​កន្លងមក​ក្រសួង​ព័ត៌មាន បាន​ឯកភាព​អនុញ្ញាត​ឱ្យ​ឯកឧត្តម ខាំ​ពូន កែវ​មុណី ម្ចាស់ ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​ធ្វើ​កិច្ច​សហការ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុង​ការផលិត​កម្មវិធី​ចម្រុះ​ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ  រយៈពេល ៣​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង​០៦:០០​នាទី ដល់​ម៉ោង​៩:០០​នាទី​ព្រឹក​”​។

​ប៉ុន្តែ បន្ទាប់​ពី​ដំណើរការ​កម្មវិធី​នេះ​មួយរយៈ​ខ្លី​មក ធ្វើឱ្យ​មហាជន​ជាច្រើន​ធ្វើ​ការរិះគន់​ទៅលើ​ពិធីករ ពិធី​ការិនី កម្មវិធី​ចម្រុះ ABC 3 Spring ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុំ​គួរ​គប្បី ដោយ​សម្តែង​កាយវិការ​មិន​សមរម្យ ការប្រើ​ពាក្យ​សម្តី​ខ្វះ​សីលធម៌ វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន និង​ប្រមាថមើលងាយ​អ្នក​ស្តាប់ ក៏ដូចជា​ទូរទស្សនិកជន ក្នុងពេល​កំពុង​បំពេញ​ភារកិច្ច​របស់​ខ្លួន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​ពិធីករ ពិធី​ការិនី​ផ្សេងទៀត​។​

​ក្នុងនាម​ក្រសួង​ព័ត៌មាន ដើម្បី​បញ្ចប់​នូវ​ប្រតិកម្ម​ពី​សំណាក់​មហាជន និង​ភាព​អសកម្ម​ទាំងឡាយ ដែល​បាន​កើតឡើង​ជា​បន្តបន្ទាប់​មក​នេះ​តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​៕

 

IMG-20170124-WA0015