ផ្លូវលំ​មួយ​ខ្សែ​ត្រូវបាន​កែលម្អ​ឡើងវិញ​ក្រោម​កិច្ច​អភិវឌ្ឍ​របស់លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​មូលដ្ឋាន ផ្លូវលំ​មួយ​ខ្សែ​ត​ភ្ជាប់​ភូមិ​ចំនួន​៣ ដែល​បាន​រង​ការខូចខាត​នា​ពេល​កន្លងមក​ត្រូវបាន​កែលម្អ​ឡើងវិញ​ដើម្បី​សម្រួល​ការធ្វើដំណើរ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ក្រោម​កិច្ច​អភិវឌ្ឍ​របស់លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​សកម្មភាព​ចុះ​អនុវត្ត​ផ្ទាល់​ដោយ​ក្រុមការងារ​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ ក្រោម​ការយកចិត្តទុកដាក់ និង​ចង្អុលបង្ហាញ​របស់លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត លោក ភោគ លន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត បាន​ចាត់តាំង​លោក វ៉ា ជឹម​ណា​រ៉េត សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ប៉ោយ​ប៉ែត ដឹកនាំ​ក្រុម​ការងារ​នាំ​យក​គ្រឿងចក្រ​ផ្ទាល់​របស់​លោក គាត ហ៊ុល ចុះ​ជួសជុល​កែលម្អ​ផ្លូវលំ​មួយ​ខ្សែ​ត​ភ្ជាប់​ភូមិ​ចំនួន​៣ ដែល​បាន​រង​ការខូចខាត​នា​ពេលកន្លងមក​។

​ក្នុង​សកម្មភាព​ចុះ​អនុវត្ត​ផ្ទាល់​នេះ លោក វ៉ា ជឹម​ណា​រ៉េត ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ប៉ោយ​ប៉ែត បាន​ដឹកនាំ​ក្រុមការងារ​សង្កាត់ ក្រុមការងារ​ភូមិ​ទាំង​៣ (​ភូមិ​មិត្តភាព ភូមិ​សាមគ្គី​មានជ័យ និង​ភូមិ​ព្រៃ​ព្រិច​) រួម​នឹង​កម្លាំង​ប្រជា​ការពារ ចុះ​នាំយក​គ្រឿងចក្រ​ផ្ទាល់ខ្លួន​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ចុះ​កៀរ​កិន និង​ចាក់​ថ្ម​មិច​បំពេញបន្ថែម​ផ្លូវ​ដែល​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ចំនួន ៣​ឡាន ចាប់ពី​ចំណុច​ផ្លូវ​បេតុង​ក្នុង​ភូមិ​សាមគ្គី​មានជ័យ រហូត​ដល់​ផ្លូវ​សម្តេច​ជា​សុីម មាន​ប្រវែង​សរុប ១,៥០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ជាមួយគ្នានេះ ថ្លៃ​ចំណាយ​ទាំងអស់​បាន​មក​ពី​ការចូលរួម​របស់​អាជ្ញា​ធរ​ក្រុង អាជ្ញាធរ​សង្កាត់ រួម​នឹង​សប្បុរសជន រួមមាន​÷
១-​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ផ្តល់ជូន​នូវ​គ្រឿងចក្រ និង​ចំណាយ​ថ្លៃ​ប្រេង​ទាំងស្រុង​
២-​លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត ចូលរួម​ថវិកា​មួយចំនួន​
៣-​លោក វ៉ា ជឹម​ណា​រ៉េត ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ប៉ោយ​ប៉ែត ចូលរួម​ថវិកា​មួយចំនួន
៤-​លោក ហួត សារី អនុ​ភូមិ​សាមគ្គី​មានជ័យ ឧបត្ថម្ភ​ថ្ម​មិច​ចំនួន ១​ឡាន
៥-​លោកស្រី ហុក លឿម មេ​ភូមិ​ព្រៃ​ព្រិច ឧបត្ថម្ភ​ថវិកា​ចំនួន ៥០​ដុល្លារ​
៦-​លោក សំ ប៊ុនធឿន អនុ​ភូមិ​ព្រៃ​ព្រិច ឧបត្ថម្ភ​ថវិកា​ចំនួន ៥០​ដុល្លារ​
៧-​លោក ឈាង វាន់​ឌី អាជីវករ ឧបត្ថម្ភ​ថវិកា​ចំនួន ១២០​ដុល្លារ​
៨-​លោក តាំង បាក់​ឡេង អាជីវករ ឧបត្ថម្ភ​ថ្ម​មិច​ចំនួន ១​ឡាន
៩-​ព្រះ​តេជគុណ សយ ចាន់ថន ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រៃ​ព្រិច ជួយ​ឧបត្ថម​ថវិកា​ចំនួន ២,០០០​បាត​

​សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​សង្កាត់​ទាំង​៣ (​សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្ដាល និង​សង្កាត់​និមិត្ត​) នៃ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​ដំបូល​សន្តិភាព​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​កំពុង​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែត សាទរ​ចំពោះ​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​អាជ្ញាធរ​សង្កាត់​ទាំង​៣ ដែល​លោក​ស្ម័គ្រ​ខ្លួន​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​លក្ខខណ្ឌ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​៕

pu190808a01 pu190808a02 pu190808a03 pu190808a04 pu190808a05 pu190808a06 pu190808a07 pu190808a8 pu190808a09 pu190808a10 pu190808a11 pu190808a12 pu190808a13 pu190808a14 pu190808a16 pu190808a17 pu190808a18