ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយលោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក CEO Master Club ព្រមទាំងសមាជិក សមាជិកា និងក្រុមហ៊ុនអចលនទ្រព្យ LRG ចុះដាំដើមលឿងរាជនៅតាមដងផ្លូវ និងរៀបចំសួនច្បារនៅមុខភោជនីយដ្ឋានអង្គរជាយដែន តាមបណ្តោយផ្លូវជាតិលេខ៥។
ក្នុងសកម្មភាពយុទ្ធនាការ “ប៉ោយប៉ែតស្អាត” ផ្សារភ្ជាប់នឹងគម្រោង “ដាំដើមលឿងរាជ ១,០០០ដើម”នេះ ត្រូវបានរៀបចំដោយរដ្ឋបាលក្រុង ក្រោមការចង្អុលបង្ហាញរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង និងដឹកនាំចុះអនុវត្តផ្ទាល់ដោយលោក អ៊ុយ ច័ន្ទរិទ្ធ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងបានការចូលរួមគាំទ្រ ព្រមទាំងជួយឧបត្ថម្ភជាថវិកាពីក្រុមសមាជិក សមាជិកា CEO Master Club ក្រុមហ៊ុនអចលនទ្រព្យ LRG និងបងប្អូនអាជីវករជាច្រើននាក់។
យុទ្ធនាការ “ប៉ោយប៉ែតស្អាត” នាព្រឹកនេះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានរៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណ និងលិខិតសរសើរជូនដល់សមាជិក សមាជិកា CEO Master Club និងក្រុមហ៊ុនអចលនទ្រព្យ LRG ព្រមទាំងបងប្អូនអាជីវករជាសប្បុរសជន ក្រោមអធិបតីភាពលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានជួយឧបត្ថម្ភជាថវិកាគាំទ្រដល់គម្រោង “ដាំដើមលឿងរាជ ១,០០០ដើម” នាពេលនេះ។
សូមជម្រាបថា សកម្មភាពចុះផ្ទាល់នៃការដាំដើមលឿងរាជ របស់ក្រុមការងារយុវជនក្រុង រួមនឹងមន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ ក្រុមការងារភូមិ កម្លាំងប្រជាការពារ និងកិច្ចសហការចូលរួមជាមួយសមាជិក សមាជិកា CEO Master Club ក្រុមហ៊ុនអចលនទ្រព្យ LRG ព្រមទាំងបងប្អូនអាជីវករជាច្រើននាក់ បានចុះដាំបន្ថែមដើមលឿងរាជចំនួន ១០០ដើមទៀត ដោយកន្លងមកក្រុមការងារយុវជនក្រុងបានដាំរួចរាល់ចំនួនជាង ៣០០ដើមហើយ ក្នុងគោលបំណងអនុវត្តតាមគម្រោងចំនួន ១,០០០ដើម ឱ្យរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចាប់ផ្តើមរៀបចំសាងសង់សួនច្បារថ្មី បន្តពីសួនច្បារចាស់នៅមុខភោជនីយដ្ឋានអង្គរជាយដែន តាមបណ្តោយផ្លូវជាតិលេខ៥ ផងដែរ។ សកម្មភាពរបស់ក្រុមការងារទាំងអស់ក្នុងយុទ្ធនាការនេះ គឺប្រកបដោយស្នាមញញឹមក្នុងអត្ថន័យភាតរភាព និងការទទួលខុសត្រូវខ្ពស់ចំពោះឆន្ទៈរួមគឺ “ដើមឈើសាមគ្គី” និង “ដើមឈើសន្តិភាព”។
សូមរម្លឹកថា “ដើមឈើអាចធ្វើឱ្យបរិស្ថានមានភាពល្អស្រស់ថ្លា” មនុស្សដែលរស់នៅក្បែរដើមឈើ ពោលគឺមានដើមឈើនៅក្បែរផ្ទះ ឬក៏ទីកន្លែងដែលពួកគេរស់នៅ គឺមានសំណាងខ្លាំងណាស់ ក៏ដោយសារថា ពួកគេអាចទទួលបានអត្ថប្រយោជន៍ទាំងផ្នែករាងកាយ និងផ្នែកស្មារតីពីដើមឈើទាំងនោះបានយ៉ាងល្អប្រសើរ។ ការរស់នៅក្បែរដើមឈើ ឬក៏មានព្រៃនៅក្បែរផ្ទះរបស់អ្នកគឺជាឱសថដ៏ល្អបំផុតមួយសម្រាប់ជួយឱ្យអ្នកមានសុខភាព និងការរស់នៅដ៏ល្អប្រចាំថ្ងៃ ដោយក្នុងនោះវាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាព ៦យ៉ាងធំៗ ដូចខាងក្រោម÷
១-ការរស់នៅក្បែរដើមឈើ អាចជួយឱ្យអ្នកដកដង្ហើម បានរឹតតែស្រួល ល្អថែមទៀត
២-ការរស់នៅដើមឈើអាចជួយជីវិតរបស់យើង
៣-ដើមឈើអាចជួយឱ្យអ្នកជាសះស្បើយឆាប់រហ័ស
៤-ការរស់នៅក្បែរដើមឈើ អាចជួយឱ្យអ្នកបំបាត់ភាពតានតឹង ភាពទុក្ខសោក និងការនឿយហត់
៥-ការរស់នៅក្បែរដើមឈើ អាចជួយឱ្យអ្នកតតាំងជាមួយនឹងជំងឺទឹកនោមផ្អែម និងភាពធាត់ជ្រុល
៦-ការរស់នៅក្បែរដើមឈើ អាចជួយឱ្យអ្នកគេងលក់ បានកាន់តែស្រួល
ទាំងនេះគឺជាគុណប្រយោជន៍របស់ដើមឈើ នៅពេលដែលមានពួកវានៅក្បែរផ្ទះ ឬក៏តំបន់ដែលយើងរស់នៅ ដូច្នេះហើយការដាំដើមឈើកាន់តែច្រើនគឺជារឿងដ៏ល្អបំផុតសម្រាប់មនុស្សនាពេលបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត៕