អាជ្ញាធរ​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងអស់​ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី “​ការពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ប្រថាប់ត្រា​” នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទាំង​២៤ ដែល​ទើប​នឹង​ដាក់​ចូល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ខែ​មករា ឆ្នាំ​២០១៧​នេះ បាន​ប្រាប់​ទៅ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងអស់ ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា ។​

​អចលនទ្រព្យ​ដែល​ពុំ​បាន​ចុះបញ្ជី (​គ្មាន​ប័ណ្ណកម្មសិទ្ធិ​) ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​នៅ​ថ្នាក់​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ដែល​មាន​សាវតារ​ផ្ទេរ​បន្ត​ដៃ​គ្នា​ច្រើន​ដង​មុន​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៧ អនុញ្ញាត​ឲ្យ​បង់ពន្ធ​ប្រថាប់ត្រា​តែ​មួយ​លើកចុងក្រោយ ។

​ដោយ​អនុគ្រោះ​ឲ្យ​ដកចេញ​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ៦​រយ​លាន​រៀល ប្រហែល​ប្រមាណ ១៥ ម៉ឺន​ដុល្លារ សម្រាប់​តែ​អចលនទ្រព្យ​ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ដំបូង​នៅ​រដ្ឋបាល​សុរិយោដី​ប៉ុណ្ណោះ​។​

​ការផ្តល់​អនុគ្រោះ​ឲ្យ​ដកចេញ​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ៦​រយ​លាន​រៀល​នេះ គឺ​មាន​សុពលភាព​អនុវត្ត​សម្រាប់​តែ​អចលនទ្រព្យ ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ដំបូង​នៅ​រដ្ឋបាល​សុរិយោដី​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ។

​ដោយឡែក អចលនទ្រព្យ​ដែល​ពុំ​បាន​ចុះបញ្ជី (​គ្មាន​ប័ណ្ណកម្មសិទ្ធិ​) ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​បន្ត​ដៃ​គ្នា​ជាច្រើន​ដង​មុន​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៧ ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា​មួយដង លើកចុងក្រោយ (​ដោយ​មិន​អនុញ្ញាត​ឲ្យ​ដក​នូវ​មូលដ្ឋាន​គិត​ពន្ធ ៦​រយ​លាន​រៀល ដូច​អចលនទ្រព្យ​ដែល​បាន​ស្នើ​ចុះបញ្ជី​នោះឡើយ​)​។

​ការកំណត់​ថ្មី​លើ​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​អចលនទ្រព្យ​នេះ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ប្រថាប់ត្រា​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អស់​សក្តានុពល និង​ផ្តល់​សេវា​បង់ពន្ធ​នេះ​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ដល់​ការចុះបញ្ជី​ដំបូង​នៅ​រដ្ឋបាល​សុរិយោដី​ផងដែរ ៕​

 

 letter201723a (1)

letter201723a (2)