ខណៈ​កូន​រដូវប្រាំង​កំពុង​អូសបន្លាយ​នេះ ទឹក​ប្រមាណ​៧០​ម៉ឺន​ម៉ែត្រគូប​អាច​ផ្គត់ផ្គង់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​រយៈពេល ១​ខែ​កន្លះ​ទៅ ២​ខែ​បន្តទៀត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ចុះ​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៩ បានឱ្យដឹងថា ថ្មីៗ​នេះ​លេចឮ​ព័ត៌មាន​ថា ក្រុមហ៊ុន​អាន​កូ វ័តធ័រ​សឹប​ផ្លាយ (Anco Water Supply) ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ក្រុង​ប៉ោយ​ប៉ែត នឹង​ធ្វើ​ការផ្អាក​ផ្គត់ផ្គង់​ទឹក​មួយ​រយៈ ដោយ​មូលហេតុ​កូន​រដូវប្រាំង​បានអូសបន្លាយ​ធ្វើឱ្យ​អាង​ស្តុក​ទឹក​នៅ​អូរ​ខៃ​ដន​មានការ​រីងស្ងួត​ទាំងស្រុង និង​មិន​អាច​បញ្ជូន​ទឹក​ទៅ​ស្ថានីយ​ផលិត​ទឹក​បាន​។​

​ចំពោះ​បញ្ហា​នេះ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត សូម​ជម្រាប​ជូន​ដល់​សាធារណជន​មេត្តា​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៩ លោក គាត ហ៊ុល អិ​បាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត តំណាង​ក្រុមហ៊ុន​អាន​កូវ័តធ័​រសឹ​បផ្លាយ និង​អ្នកពាក់ព័ន្ធ បាន​ចុះ​ដល់​ទីតាំង​ផ្គត់ផ្គង់​ទឹក​ឃើញថា មិនមែន​ដូច​ព័ត៌មាន​ខាងលើ​ឡើយ ដោយ​ស្ថានីយ​ផលិត​ទឹក​អាច​ផ្គត់ផ្គង់​បាន​ក្នុង​រយៈពេល​ជាង​១​សប្តាហ៍ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​មមាញឹក​ក្នុងការ​ត​បណ្តាញ​នាំ​ទឹក​ពី​ស្រះ​ស្តុក​ទឹក​ដ៏​ធំ​១​កន្លែង ដែល​មាន​ទឹក​ប្រមាណ ៧០​ម៉ឺន​ម៉ែត្រគូប​។ តាម​ការពិភាក្សា​ទឹក​នេះ​អាច​ផ្គត់ផ្គង់​បាន​រយៈពេល ១​ខែ​កន្លះ​ទៅ ២​ខែ​បន្តទៀត ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ការខ្វះ​ទឹក​ប្រើប្រាស់​លែងមានទៀតហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មាន​ការព្រួយបារម្ភ​។

​ក្នុងនាម រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រើប្រាស់​ទឹក​ដោយ​ការ​សន្សំសំចៃ ចៀសវាង​ការខ្វះខាត​ទឹក ប្រសិន​បើ​កូន​រដូវប្រាំង​នៅ​តែ​អូសបន្លាយ​បន្ថែមទៀត​។ អាស្រ័យហេតុនេះ សូម​សា​ធាណ​ជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

 

pu190802a00 pu190802a01 pu190802a02 pu190802a03 pu190802a04 pu190802a05 pu190802a06 pu190802a07