ប្រទេសថៃ-ដោយ: លាង សុភ័ក្ត្រ
នៅព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំគណៈប្រតិភូក្រុង រួមមានៈ សមាជិកក្រុមប្រឹក្សាក្រុង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង នាយក នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យ អង្គភាពចំណុះ និងជុំវិញក្រុង រួមនឹងក្រុមការងារយុវជនចំនួន ៣៥នាក់ ធ្វើទស្សនកិច្ចក្នុងខេត្តស្រះកែវ ប្រទេសថៃ តបតាមការអញ្ជើញរបស់រដ្ឋបាលស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នាពេលកន្លងមក។
ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៃរដ្ឋបាលក្រុងប៉ោយប៉ែត រយៈពេលមួយថ្ងៃពេញនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីភាគីថៃ ដឹកនាំដោយលោក សាវនីត សុរិយៈគុណណាក់អាយុទ្ធថាក់យ៉ា អភិបាលស្រុកអារញ្ញប្រាថេត និងលោក លោកស្រីអភិបាលរងស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាព លោក លោកស្រី មេឃុំ មេភូមិ នៃស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រុងប៉ោយប៉ែត បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីផ្នែកកសិកម្មក្នុងកសិដ្ឋានចាធូន ស្ថិតក្នុងស្រុកខៅចាក់កាន់ ខេត្តស្រះកែវ និងចូលរួមស្តាប់បទបង្ហាញរបស់វាគ្មិនជាកសិករគំរូពីរបៀបធ្វើជីធម្មជាតិ របៀបដាំដំណាំធម្មជាតិគ្មានជាតិគីមី និងការចិញ្ចឹមសត្វ។ ជាមួយគ្នានេះ គណៈប្រតិភូក្រុងបានអញ្ជើញទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃមួយចំនួនក្នុងខេត្ត រួមមានៈ អាងស្តុកទឹកភ្នំ៣០ និងភ្នំខៅចាក់កាន់ រួមទាំងមជ្ឈមណ្ឌលធនាគារគោក្របីដែលជាទីកន្លែងអភិរក្សកសិកម្មបែបបុរាណ ស្ថិតក្នុងស្រុកមឿង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
តាមរយៈការធ្វើទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញថា ចំណងមិត្តភាពរវាងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេត កាន់តែជិតស្និទ្ធនឹងគ្នាបន្ថែមទៀត។ ទន្ទឹមនឹងនេះ ផ្នែកកសិកម្ម ទេសចរណ៍ និងការអភិរក្សទំនៀមទម្លាប់ពីបុរាណកាល ដែលកន្លងមកក្រុង និងស្រុកទាំងពីរបានធ្វើការរួមគ្នា។ ព្រមទាំងប្តេជ្ញាលើវិធានការទប់ស្កាត់បទល្មើសព្រំដែន ការជួញដូរមនុស្ស គ្រឿងញៀន ទំនិញគេចពន្ធ ការបង្កលក្ខណៈងាយស្រួលដល់ការចេញចូលរបស់អាជីវករខ្មែរ អ្នកជំងឺត្រូវឆ្លងកាត់ទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យប្រទេសថៃ និងការធ្វើអនាម័យរួមគ្នានៅលើស្ពានព្រំដែនជាដើម …។ល៕