ឯកឧត្តម ប្រាក់ សុវណ្ណ អតីត​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​

រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​

​យោង​តាម​ព្រះរាជក្រឹត្យ នស​/​រកត​/០៦១៩/៩១៧ ពរ​ល​. ១៩០៦. ៩២១ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម ប្រាក់ សុវណ្ណ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​។​

​សូមជម្រាបថា យោង​តាម​ព្រះរាជក្រឹត្យ នស​/​រកត​/០៦១៩/៩១៥ ពរ​ល​. ១៩០៦. ៩១៩ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ត្រាស់​បង្គាប់ ផ្ទេរ​ភារកិច្ច​ឯកឧត្តម អ៊ុន ចាន់​ដា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ មក​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​

​ជាមួយគ្នានេះ តាម​ព្រះរាជក្រឹត្យ នស​/​រកត​/០៦១៩/៩១៤ ពរ​ល​. ១៩០៦. ៩១៨ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ត្រាស់​បង្គាប់ ផ្ទេរ​ភារកិច្ច​ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម មក​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​

​ក្នុង​ព្រះរាជក្រឹត្យ​ដដែល​បាន​ឱ្យដឹង​បន្ថែមថា ផ្ទេរ​ភារកិច្ច​ឯកឧត្តម យន្ត មីន ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​១ ពី​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី​៕

pu190625b1 pu190625b2