ខេត្តបន្ទាយមានជ័យ-ដោយ: សុភ័ក្ត្រ
នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន យុវជន និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសរុបជាង ១,០០០នាក់បានចូលរួមនៅសាលាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តបន្ទាយមានជ័យ ឱ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា “ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”។
សូមជម្រាបថា ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ មានចំនួន ២៥រូប ដែលមានឯកឧត្តម ខេង ស៊ុម ជាប្រធានក្រុមប្រឹក្សាខេត្ត។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលប់ និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្តពីនោះគឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
យោងតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ, គណបក្សខ្មែររួបរួមជាតិ ទទួលបាន ៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៣អាសនៈ ក្នុងចំណោមអាសនៈសរុប ៥៥៩អាសនៈ។
ជាមួយគ្នានេះ ការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣,៤៨៤អាសនៈ ចំណែកឯគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និងគណបក្សខ្មែររួបរួមជាតិទទួលបាន ៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ សរុបមានចំនួន ៣,៥៥៥អាសនៈ។
សរុបមក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សតែ ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ មានជាអាទិ៍ៈ គណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន គណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ។ គណបក្សចំនួន ៤ផ្សេងទៀត ដែលបានចូលរួមការបោះឆ្នោតដែរនោះ មិនទទួលបានអាសនៈនោះទេ៕