នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការនូវសន្និសីទកំពូល “សារព័ត៌មានអាស៊ី” លើកទី១៦ (ASIA MEDIA SUMMIT 2019) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។
សន្និសីទកំពូល “សារព័ត៌មានអាស៊ី” លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍទីផ្សារ”។ សន្និសីទនេះ បានជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិជ្ជាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៦០០នាក់ មកពីបណ្ដាប្រទេសជាង ៤២នៅក្នុងតំបន់ និងលើពិភពលោក។
សន្និសីទនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឱ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោកដើម្បីជួបជុំគ្នា និងពិភាក្សាអំពីការអភិវឌ្ឍន៍គុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិជ្ជាទំនើប។
ថ្លែងក្នុងពិធីបើកសន្និសីទកំពូល “សារព័ត៌មានអាស៊ី” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័នជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងគណៈប្រតិភូទាំងអស់ដែលមានវត្តមាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំជំរុញការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឤស៊ីឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិជ្ជាទំនើបនាពេលបច្ចុប្បន្ននេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថលឆ្ពោះទៅកាន់បដិវដ្តឧស្សាហកម្មទី៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍន៍បច្ចេកវិជ្ជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដូចខាងក្រោម÷
ទី១: បច្ចេកវិជ្ជាឌីជីថលបានជំនួសការប្រើប្រាស់បច្ចេកវិជ្ជាឤណាឡូកប្រកបដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់រលកឤកាសវិទ្យុ ការកាត់បន្ថយចំណាយផលិតកម្ម ការបង្កើនផលិតភាពសំបូរបែប ក្នុងវិស័យឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួលព័ត៌មានតាមមធ្យោបាយដ៏សំបូរបែប។ កម្ពុជាបាននឹងកំពុងរៀបចំធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ពីឤណាឡូក (Analog) ទៅឌីជីថល (Digital) ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាព នៃការវិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ឌីជីថលក្នុងតំបន់ និងសកលលោក ព្រមទាំងការសិក្សា ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាដែលកើត ចេញពីការប្រើប្រាស់បច្ចេកវិជ្ជាថ្មីនេះ។
ទី២: បច្ចេកវិជ្ជាឌីជីថលបានរួមបញ្ចូលគ្នារវាងវិស័យ ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ហើយបង្កើតបាននូវសក្តានុពលលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល និងបណ្តាញទំនាក់ទំនង ជាសកលតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម (Facebook ,YouTube, WeChat, Telegram,Twitter) ជាដើម។ ដែលបង្កើនសក្តានុពលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួលដល់ការធ្វើញណិជ្ជកម្ម កាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យ វិស័យឯកជន និងសហគ្រិនដើម្បីមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។
ទី៣: បច្ចេកវិជ្ជាឌីជីថល បានធ្វើឱ្យការគ្រប់គ្រងប្រទេសក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាព តម្លាភាព និងការតភ្ជាប់បណ្តាញទំនាក់ទំនងផ្ទៃក្នុង និងសកលលោកទាំងមូល។
ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិជ្ជា ឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោកកំពុងប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះកំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហេក (Hack) ចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននឹងកំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល។ ដូច្នេះ តម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌក្នុងតំបន់ និងសកលលោកដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ។
ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទំនាក់ទំនង និងសន្តិសុខនៅក្នុងតំបន់នោះ សម្តេចតេជោ បានផ្តល់នូវគំនិតផ្តួចផ្តើមមួយចំនួនដល់អង្គសន្និសីទ ដូចខាងក្រោម÷
១-ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង សកលលោកដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវ កាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល។
២-ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។
៣-ត្រូវពង្រឹងការអនុវត្តច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំគំនុំគុំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្អប់ខ្ពើមរើសអើងបង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិតដែលបង្កើតឱ្យមានអសន្តិសុខសង្គម។
៤-ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មានដែលបង្កឱ្យកើតមានភាពវឹកវរ និងប៉ះញល់ដល់ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល។
៥-ត្រូវរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីដើរឱ្យទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍សកលលោក។
៦-ត្រូវធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយប្រពៃណីក្លាយជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាត និងឤចបត់បែនទៅតាមស្ថានភាពជាក់ស្តែង និងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល។
៧-ត្រូវរួមគ្នាកសាងគោលនយោបាយក្របខ័ណ្ឌយុទ្ធស្រាស្ត បទប្បញ្ញត្តិច្បាប់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់សម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹងពត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
ជាមួយនឹងការប្រកាសបើកសន្និសីទកំពូល “សារព័ត៌មានឤស៊ី” លើកទី១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរឱ្យអង្គសន្និសីទទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរមតិ ដើម្បីជាប្រយោជន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានក្នុងតំបន់ និងសកលលោក និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួលបាននូវផាសុកភាព និងអនុស្សាវរីយ៍ល្អៗក្នុងការស្នាក់នៅលើទឹកដីអង្គរដ៏ល្បីល្បាញនៃកម្ពុជា៕ ប្រភព÷ ទំព័រហ្វេសប៊ុកសម្តេចតេជោ!