សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ​, រន្ទះ​, ខ្យល់​កន្ត្រាក់​, និង​រលក​សមុទ្រ​នឹង​កើត​មាន​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែមិថុនា​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី “​ស្ថានភាព​អាកាសធាតុ​” របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​បាន​ឱ្យដឹងថា ជ្រលង​សម្ពាធ​ទាប​នៅតែ​បន្ត​អូសបន្លាយ​លើ​កម្ពុជា ខណៈ​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​មក​លើ​តំបន់​មាត់សមុទ្រ លក្ខណៈ​បែបនេះ​ធ្វើឱ្យ ÷
១-​ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែមិថុនា ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​បាន​ច្រើន ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។​
២-​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ តំបន់​ទំនាប​កណ្តាល​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ ដោយ​កើនឡើង​ជា​លំដាប់​។ ទន្ទឹម​នោះ កន្លែង​ខ្លះ​អាច​មាន​បរិមាណ​ច្រើន​។​
៣-​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ភ្លៀង​ក៏​បង្កើន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ និង​រាយប៉ាយ​បាន​ប្រសើរ​ជាង​រយៈពេល​កន្លង​ទៅ​។​
៤-​ឯ​បណ្តា​ខេត្ត​ភាគ​ខាងលើ​នៅ​ឦសាន​ជាប់​ប្រទេស​វៀតណាម ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។​
៥-​បាតុភូត​ផ្គរ​, រន្ទះ​, ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន ខណៈ​នៅលើ​ផ្ទៃ​សមុទ្រ​នៅ​ថ្ងៃទី​១២-១៣ ខែមិថុនា ផ្ទៃមេឃ​មាន​ពពក​មីរដេរដាស លាយឡំ​នឹង​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង​រលក​ខ្ពស់​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន​ជ្រាប និង​បង្កើន​ការប្រុងប្រយ័ត្ន​នូវ​បណ្តា​បាតុភូត​ដូច​បាន​ជម្រាបជូន​ខាងលើ​មាន​ជាអាទិ៍​ផ្គរ​, រន្ទះ​, ខ្យល់​កន្ត្រាក់​, និង​រលក​សមុទ្រ​៕

 

ph190611d1