អង្គសន្និសីទសារព័ត៌មានអាស៊ី បន្តពិភាក្សារបៀបវារៈចំនួន៥ ដើម្បីដាក់ចូលកិច្ចប្រជុំកំពូលនៅថ្ងៃស្អែក ដែលនឹងមានថ្នាក់ដឹកនាំ តំណាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមប្រមាណ ៥០០នាក់ចូលរួម ក្នុងនោះ អ្នកសារព័ត៌មានអន្តរជាតិប្រមាណជាង ២៥០នាក់ ដែលមកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោក មានដូចជា÷ ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សាម័រ ជាដើម។
កិច្ចពិភាក្សាក្នុងសិក្ខាសាលាចំនួន ៥ផ្សេងៗគ្នា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី លើកទី១៦ នៅខេត្តសៀមរាប នៅថ្ងៃទី១១ ខែមិថុនានេះ មានរបៀបវារៈដូចជា÷
១-ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ
២-របៀបដឹកនាំក្នុងយុគ្គសម័យសារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤
៣-ការបង្កើតកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល
៤-និន្នាការនៃបច្ចេកវិទ្យា 4K
៥-និងឥទ្ធិពលនៃភាពពិតកើន និងការនិម្មិតនៅក្នុងវិស័យសារព័ត៌មាន។
ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំត្រៀមនេះថា របៀបវារៈទាំងនេះកំពុងក្លាយជាចំណុចដ៏ចាប់អារម្មណ៍នៅក្នុងវិស័យសារព័ត៌មាន ដើម្បីសម្របខ្លួនទៅរកបដិវត្តន៍នៃឧស្សាហកម្មជំនាន់ទី៤។
ឯកឧត្តម កឹម គុណវឌ្ឍន៍ ថ្លែងឱ្យដឹងបន្ថែមថា និយាយរួមសិក្ខាសាលាជំនាញទាំង ៥នេះ គឺពូតផ្តុំលើការប្រមូលផ្តុំទស្សនៈទៅលើការពិភាក្សារវាងអ្នកឯកទេសជំនាញរវាងមន្ត្រីគ្រប់គ្រងនៅក្នុងវិស័យព័ត៌មាន ដើម្បីធ្វើយ៉ាងណានៅក្នុងកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ រកឱ្យឃើញថា និន្នាការថ្មី និងគំហើញថ្មី សម្រាប់ការអនុវត្តឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកមើល អ្នកអាន អ្នកស្តាប់ យើងត្រូវបំពេញតួនាទីរបៀបណា។ ជាពិសេសនៅក្នុងដំណាក់កាលនៃព័ត៌មានសង្គមកំពុងតែរីកសាយភាយ ហើយកំពុងតែមានឥទ្ធិពលខ្លាំងនៅក្នុងចំណោមនៃវិស័យព័ត៌មានបែបប្រពៃណី មាន÷ វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន។
ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏ទទួលយកនូវទស្សនៈ ទទួលយកនូវគំនិត ដើម្បីចងក្រងជាទស្សនៈវិស័យ ថាតើកិច្ចប្រជុំកំពូលលើវិស័យផ្សព្វផ្សាយ និងព័ត៌មាន លើកទី១៦នេះ នឹងរកឱ្យឃើញថា យើងនឹងបន្តភារកិច្ច បន្តការអនុវត្តជាក់ស្តែងយ៉ាងដូចម្តេច ដើម្បីធ្វើយ៉ាងណាឲ្យវិស័យផ្សព្វផ្សាយ និងព័ត៌មានទាំងបែបប្រពៃណី ទាំងបែបទំនើប និងទាំងបែបសង្គម បានដើរជាមួយគ្នា ប្រមូលផ្តុំជាមួយគ្នា បម្រើដល់សេចក្តីត្រូវការរបស់សាធារណជន បម្រើដល់សេចក្តីត្រូវការរបស់ទូរទស្សនិកជន សេចក្តីត្រូវការរបស់អ្នកស្តាប់។
សូមបញ្ជាក់ថា សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ នឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមិថុនាស្អែកនេះ ដើម្បីពិនិត្យ និងឆ្លងការសម្រេចនូវរបៀបវារៈទាំង ៥នេះ៕ /#ប្រភព: គេហទំព័រក្រសួងព័ត៌មាន