ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់​ខ្លួន លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង ប្តឹង​អ្នកសារព័ត៌មាន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង​

ខេត្ត​កោះកុង​-​ដោយ​: សុភ័ក្ត្រ​

​ដល់​ថ្នាក់​ហ្នឹង​ផង​! ទើប​ទប់​អំណាច​កុំឱ្យ​ធ្លាក់​មិនទាន់​ស្រួលខ្លួន​ផង លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង បែរ​ជា​ប្តឹង​អ្នកសារព័ត៌មាន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ដោយ​មិន​ខ្វល់​ពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះឡើយ​។​

​ជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង នា​ពេល​កន្លងមក​ត្រូវបាន​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​ធ្វើ​ការចុះផ្សាយ​ជុំវិញ​រឿងរ៉ាវ​អាស្រូវ​មិនចេះ​អស់​របស់លោក​ក្នុង​តួនាទី​ជា​ប្រធាន​មន្ទីរ​។ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​អ្នកសារព័ត៌មាន​បន្ត​ចុះផ្សាយ​រឿងអាស្រូវ​របស់​លោក​ត​ទៅទៀត ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ​បាន​ប្រើប្រាស់​ក្បាច់​ចុងក្រោយ ហើយក៏​មាន​ការពេញនិយម​នោះ​គឺ​ប្តឹង​អ្នកកាសែត​ទៅ​តុលាការ​ដើម្បី​ដាក់​គុក ទុក​ជា​ការព្រមាន​កុំឱ្យ​ចេះ​តែ​ហ៊ាន​ចុះផ្សាយ​រឿង​របស់​ខ្លួន​។​

​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ក្នុង​ខេត្ត​កោះកុង ដែលជា​ទឹកដី​របស់​លោក​ស្រាប់ ត្រូវបាន​ប្រភព​ព័ត៌មាន​ពី​ខេត្ត​កោះកុង​បង្ហើប​ឱ្យដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។ ហើយ​គេ​ក៏​កំពុង​រង់ចាំ​មើល​ថា តើ​តុលាការ​ខេត្ត​កោះកុង​នឹង​អនុវត្ត​បែប​នេះ​ចំពោះ​អ្នកកាសែត​ដែល​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត កោះកុង​ខាងលើនេះ​ប្តឹង ឬ​យ៉ាងនោះ​ទេ​?​។​

​បើ​តាម​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​របស់​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង ដែល​ស្ថាប័ន​ព័ត៌មាន​យើង​ទទួលបាន​នោះ​គឺ​ប្តឹង​អ្នកសារព័ត៌មាន​ក្នុងស្រុក​ជា​ករណី​ព្រហ្មទណ្ឌ ទាក់ទង​នឹង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយ​មិន​ប្រើប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នោះទេ​។ ចេតនា​របស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង រូបនេះ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកសារព័ត៌មាន​ដែល​លោក​ប្តឹង​នោះ​ប្រឈម​នឹង​ជាប់គុក គោលបំណង ដើម្បី​កុំឱ្យ​អ្នកសារព័ត៌មាន​ផ្សេងទៀត បន្ត​ចុះផ្សាយ​រឿងអាស្រូវ​របស់​លោក​ក្នុងពេល​បំពេញ​តួនាទី​ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង នា​សព្វថ្ងៃនេះ​។

​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង បាន​ប្តឹង​អ្នកសារព័ត៌មាន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​នេះ អ្នកសារព័ត៌មាន​យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក អ៊ី ម៉េង​លាង បាន​នៅឡើយ​ទេ​នៅ​ថ្ងៃនេះ​។ ទោះបីជា​យ៉ាងណា ស្ថាប័ន​ព័ត៌មាន​យើង​រង់ចាំ​ការបកស្រាយ​របស់​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការចោទប្រកាន់​ថា ស្ថាប័ន​ព័ត៌មាន​យើង​ធ្វើ​ការចុះផ្សាយ​ខុស​ពី​ការពិត​។​

​សូម​រម្លឹកថា រឿងរ៉ាវ​អាស្រូវ​មួយចំនួន​របស់​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កោះកុង ត្រូវបាន​បណ្តាញសារព័ត៌មាន​ធ្វើ​ការចុះផ្សាយ​កន្លងមក​ដូចជា ផ្ទុះ​រឿង​អាស្រូវ​បើកដៃ​ឱ្យ​បក្ខពួក​របស់​ខ្លួន​រំលោភ​យក​ទីតាំង​ដី​រដ្ឋ​ធ្វើ​អាជីវកម្ម​ផ្សេងៗ និង​យក​ទៅ​ពុះ​ឡូ​តិ៍លក់​ស្ងាត់ៗ និង​រឿង​យក​ឡាន​ផ្ទាល់ខ្លួន​ដែល​មាន​គេ​ជិះ​ម៉ាក​ដូចគ្នា​ដែរ ថ្លៃ​ពី ៥ ទៅ ៦​ពាន់​ដុល្លា​រលក់​ឱ្យ​មន្ទីរ​បំប៉ាង​តម្លៃ​តាម​អំពើ​ចិត្ត​។​
​ព្រមទាំង​រឿងអាស្រូវ​ផ្សេងៗ​ទៀត​ជាច្រើន ហើយ​ត្រូវបាន​ក្រុមការងារ​អធិការកិច្ច​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​ការស៊ើបអង្កេត និង​បញ្ជា​ឱ្យ​ធ្វើការ​បំភ្លឺ​ជា​លាយលក្ខណ៍អក្សរ​នូវ​កំហុសឆ្គង​របស់​ខ្លួន​ចំនួន ១៦​ចំណុច​តាំងពី​ចុងឆ្នាំ​២០១៨ មកម្ល៉េះ​។​

​ឆ្លើយតប​នឹង​រឿងរ៉ាវ​អាស្រូវ​ខាងលើនេះ លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកោះកុង​រូបនេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ធ្វើ​ការពន្យល់​បកស្រាយ និង​ធ្វើ​ការច្រានចោល​ចំពោះ​បញ្ហា​ខាងលើ​នេះ​ផង​ដែរ​៕

 

 

phak190528a01 phak190528a03 phak190528a04 phak190528a05 phak190528a06 phak190528a07 phak190528a08 phak190528a09 phak190528a10 phak190528a11 phak190528a12 phak190528a13 phak190528a14 phak190528a15 phak190528a16