ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
ប្រជាពលរដ្ឋជាង ១០០គ្រួសាររស់នៅក្រុងប៉ោយប៉ែតកំពុងក្តៅក្រហាយជាមួយពីរនាក់ប្តីប្រពន្ធដែលត្រូវបានគេស្គាល់ថា លោក អាំង គីហេង មានតួនាទីជា អភិបាលក្រុមហ៊ុន បុរី រស្មីដួងច័ន្ទ (BOREY REAKSMEY DOUNG CHAN) និងអតីតជាប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ នៃសង្កាត់ប៉ោយប៉ែត កាន់អត្តសញ្ញាណប័ណ្ណលេខ ១៩០៥៥១៥៤៨ និងលោកស្រី ទិត្យ ផល្លា មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក បុរី រស្មីដួងច័ន្ទ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៩០៥៥១៥៤៧ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ មានអាសយដ្ឋាននៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកំពុងរំលោភកិច្ចព្រមព្រៀងគេចកែមិនបំពេញកាតព្វកិច្ច នៃកិច្ចទិញ-លក់ ប្រភេទផ្ទះវីឡា មានទទឹង ៤.៥០ម៉ែត្រ និងបណ្តោយ ១២.០០ម៉ែត្រ សរុបទំហំ ៥៤ម៉ែត្រការ៉េ និងប្រភេទដទៃទៀតដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។
យោងតាមលិខិតស្នើសុំអន្តរាគមន៍ ចុះថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០១៨ របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានទិញផ្ទះនៅក្នុងបុរី រស្មីដួងច័ន្ទ ដោយគោរពជូន និងស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ម្ចាស់បុរី រស្មីដួងច័ន្ទ ដែលសាងសង់ផ្ទះមិនគោរពកិច្ចព្រមព្រៀងលើកទី១ ហើយបង្ខំឱ្យប្រជាពលរដ្ឋ (ពួកគាត់) ផ្តិតមេដៃប្តូរកិច្ចសន្យាថ្មី។
លិខិតដដែលបានឱ្យដឹងបន្តថា កាលពីឆ្នាំ២០១៦ យើងខ្ញុំបានទិញផ្ទះក្នុងបុរី រស្មីដួងច័ន្ទ ហើយភាគីម្ចាស់បុរីបានធ្វើកិច្ចព្រមព្រៀងឱ្យពួកយើងខ្ញុំទាំងអស់គ្នាលើកទី១ ក្នុងកិច្ចព្រមព្រៀងទិញ-លក់ផ្ទះ បានសរសេរថា អ្នកលក់ធានាថា ការសាងសង់នឹងត្រូវបញ្ចប់ក្នុងកំឡុងពេល ០១ (មួយ) ឆ្នាំ គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។ ប៉ុន្តែ រហូតមកដល់ដើមឆ្នាំ២០១៩នេះ ផ្ទះនៅតែសាងសង់មិនទាន់រួចនៅឡើយ ហើយភាគីម្ចាស់បុរីបានបង្ខំឱ្យប្រជាពលរដ្ឋជាអ្នកទិញផ្តិតមេដៃប្តូរកិច្ចព្រមព្រៀងថ្មីទៅវិញ។
ជាមួយគ្នានេះ ចំពោះកិច្ចសន្យាថ្មី ដែលយើងខ្ញុំមិនអាចទទួលយកបានគឺមានការពន្យាពេលសាងសង់រហូតដល់ជាង ២ឆ្នាំទៅមុខទៀត និងបង្ខំឱ្យប្រជាពលរដ្ឋឱ្យទិញដីចំណីមុខផ្ទះ (ដីចំណីផ្លូវ) ក្នុងតម្លៃ ១ម៉ែត្រការ៉េ ៦៥០ដុល្លារ។ ម្ចាស់បុរី ពុំទទួលខុសត្រូវលើកិច្ចសន្យាលើកទី១ ដែលលើសអស់ចំនួន ២ឆ្នាំ ហើយនៅតែបន្តឱ្យពួកយើងខ្ញុំ បង់ការប្រាក់ឱ្យខ្លួនដដែល ហើយនឹងការពិន័យចំពោះយើខ្ញុំទៀតផង។ ព្រោះថា បើមិនគោរពតាមកិច្ចសន្យាថ្មីនោះ ម្ចាស់បុរី មិនចេញប័ណ្ណកម្មសិទ្ធិឱ្យពួកយើងខ្ញុំឡើយ។
ក្នុងពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ដែលបានទិញផ្ទះនៅក្នុងបុរី រស្មីដួងច័ន្ទ ក៏បានសំណូមពរដល់ម្ចាស់បុរី នូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ÷
១-សូមឱ្យម្ចាស់បុរី បញ្ឈប់ការលក់ដីចំណីផ្លូវមុខផ្ទះ និងឌឿងហែមជុំវិញផ្ទះ
២-សូមឱ្យពន្លឿនការសាងសង់ផ្ទះឱ្យរួចរាល់ក្នុងរយៈពេលដ៏ខ្លីខាងមុខ
៣-សូមឱ្យម្ចាស់បុរីទទួលខុសត្រូវសំណង (ថវិកាថ្លៃជួលផ្ទះខាងក្រៅ) ចំពោះការមិនគោរពតាមកិច្ចព្រមព្រៀងលើកទី១ ថានឹងធ្វើផ្ទះឱ្យរួចរាល់ក្នុងឆ្នាំ២០១៧ តែដល់បច្ចុប្បន្នលើសចំនួនជាង ២ឆ្នាំ។
៤-នៅក្នុងកំឡុងពេលសាងសង់បន្តរហូតដល់រួចរាល់ សូមឱ្យក្រុមហ៊ុនកុំគិតការប្រាក់ ព្រោះកិច្ចសន្យានេះបានលើសអស់រយៈពេលជាង ២ឆ្នាំទៅហើយ។
៥-សូមឱ្យក្រុមហ៊ុន បុរី រស្មីដួងច័ន្ទ សុំច្បាប់ឱ្យបានត្រឹមត្រូវ
៦-សូមឱ្យចេញប័ណ្ណកម្មសិទ្ធិឱ្យពួកយើងខ្ញុំ ដែលបានបង់ប្រាក់ឱ្យថ្លៃផ្ទះគ្រប់ចំនួន ១០០% រួចរាល់អស់ហើយ។
សូមជម្រាបថា ប្រជាពលរដ្ឋដែលបានទិញផ្ទះនៅក្នុងបុរី រស្មីដួងច័ន្ទ ដែលមានរាយនាមឈ្មោះក្នុងលិខិតស្នើសុំកិច្ចអន្តរគមន៍ទាំងអស់គ្មានបំណងប្តឹងម្ចាស់បុរី នោះទេ។ គ្រាន់តែសូមឱ្យម្ចាស់បុរី គោរពតាមកិច្ចព្រមព្រៀងទិញ-លក់ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ក៏ដូចជា សំណូមពរទាំងអស់ខាងលើ។ ជាមួយគ្នានេះ សូមឱ្យម្ចាស់បុរី (លោក អាំង គីហេង និងលោកស្រី ទិត្យ ផល្លា) ចូលខ្លួនមកដោះស្រាយដោយផ្ទាល់កុំព្យាយាមគេចវេះដោយប្រើមេធាវីជាតំណាងមកជំនួស ព្រោះបណ្តាលឱ្យបញ្ហានេះអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំកន្លងទៅហើយ។
ជុំវិញបញ្ហាខាងលើនេះ ត្រូវបានមន្ត្រីសាលាក្រុងប៉ោយប៉ែតដែលបានចេញមកទទួលយកលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋ នាព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានថ្លែងឱ្យដឹងថា ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត បានប្តេជ្ញាចិត្តនឹងចូលរួមរកដំណោះស្រាយជូនប្រជាពលរដ្ឋនូវការទាមទារក្នុងសំណូមពរខាងលើ ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។
ពាក់ព័ន្ធនឹងការរំលោភកិច្ចព្រមព្រៀងទិញ-លក់ ខាងលើ “កាសែត និងគេហទំព័រ ពុទ្ធិខ្មែរ” មិនអាចទាក់ទងសុំការបញ្ជាក់ពីលោក អាំង គីហេង និងលោកស្រី ទិត្យ ផល្លា ជាភរិយា (ម្ចាស់បុរី រស្មីដួងច័ន្ទ) នោះទេនៅថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង។ //