រាជធានីភ្នំពេញ-ដោយៈសុភ័ក្ត្រ
យោងតាមលិខិតគតិយត្តិមួយច្បាប់ លេខ០២.សជណ.កបច ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើទៅកាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីឆ្លើយតបចំពោះសំណើរបស់លោកជំទាវ តែ ច័ន្ទមនី អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាកាលពីពាក់កណ្តាលខែមុន។ អត្ថន័យនៃលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា “នឹងមិនអភិវឌ្ឍវារីអគ្គិសនីនៅតំបន់អារ៉ែងទេប្រសិនបើផលប៉ះពាល់ច្រើនជាងផលចំណេញ”។
លិខិតដដែលបានឱ្យដឹងទៀតថា “រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកតំបន់អារ៉ែងជាទ្រព្យសម្បត្តិដ៏វិសេសវិសាលដែលត្រូវការអភិវឌ្ឍនិងអភិរក្សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។បើទោះបីជាមាន ឫ គ្មានគម្រោងវារីអគ្គិសនី (ជាយអារ៉ែង) នេះក៏ដោយ។ ការប្រែក្លាយតំបន់អារ៉ែង ជាតំបន់អេកូទេសចរណ៍ គឺជារបៀបវារៈដែលរាជរដ្ឋាភិបាលកំពុងគិតគូនិងប្តេជ្ញាអនុវត្តឱ្យបាន”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់នៅទំព័រចុងក្រោយនៃលិខិតដដែលថា “រាជរដ្ឋាភិបាលនឹងមិនអភិវឌ្ឍតំបន់វារីអគ្គិសនីនៅតំបន់អារ៉ែងនេះទេ ប្រសិនបើការសិក្សារកឃើញថាការបាត់បង់ដែលកើតចេញពីការអភិវឌ្ឍនេះមានទំហំធំខ្លាំងធៀបទៅនឹងផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍ផ្សេងៗដែលទទួលបានក្នុងក្របខ័ណ្ឌតំបន់វារីអគ្គិសនីនេះ”។
គួរំលឹកដែរថា នាពេលកន្លងមកលោកជំទាវ តែច័ន្ទមនី ប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) បានស្នើឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយអន្តរាគមន៍ក្រសួង ឬស្ថាប័នពាក់ពន្ធ័បញ្ឈប់ការកាប់បំផ្លាញព្រៃឈើនិងជួយអភិរក្សព្រៃ សត្វព្រៃ និងពូជត្រីមាស នៅតំបន់ជាយអារ៉ែង ស្រុកថ្មបាំងខេត្តកោះកុង។
លិខិតសុំអន្តរាគមន៍នេះក៏សុំឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បញ្ឈប់គម្រោងវារីអគ្គិសនីជាយអារ៉ែង ហើយកែច្នៃតំបន់ អារ៉ែងឱ្យទៅជាតំបន់អេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕