ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងមន្ត្រីរាជការ លេខ ៣៩៨ អនក្រ. តត ចុះថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចតែងតាំងលោក គាត ហ៊ុល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតថ្មីជំនួសលោក សាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែតចាស់ដែលត្រូវចូលនិវត្តន៍ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលាក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។
ក្នុងអង្គពិធីទាំងមូលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមេបញ្ជាការ ប្រធានមន្ទីរ ក្រុមការងារ លោកអភិបាលក្រុង ស្រុក លោក លោកស្រីជាមន្ត្រីរាជការ បងប្អូនអាជីវករ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សរួមនឹងភ្ញៀវកិត្តិយសជាច្រើនរយនាក់បានអញ្ជើញចូលរួមអបអរសាទរក្នុងពិធីដ៏មានអត្ថន័យនេះ។
លោក គាត ហ៊ុល អតីតចៅសង្កាត់ផ្សារកណ្តាលដែលទើបប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតថ្មី បានមានប្រសាសន៍ថា ចំពោះសមិទ្ធផលដែលរដ្ឋបាលសង្កាត់ផ្សារកណ្ដាលសម្រេចបានគឺបានមកពីការផ្ដល់យោបល់ពីថ្នាក់ដឹកនាំខេត្ត ក្រុង និងក្រុមការងារដែលតែងតែផ្ដល់នូវបទពិសោធន៍ និងតម្រង់ទិសដល់រូបខ្ញុំបាទ និង ក្រុមការងារដែលឈានដល់សម្រេចបានជោគជ័យ និង ទទួលបានផ្លែផ្កា ជាពិសេស ការទទួលបាននូវសំឡេងគាំទ្រពីប្រជាពលរដ្ឋក្នុងការដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ កន្លងមកនេះ។
ដើម្បីជាការឆ្លើយតបនូវគុណូបការៈដ៏ថ្លៃថ្លានេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបេ្ដជ្ញាចិត្តថាៈ
១-ប្តេជ្ញាគោរព និងប្រតិបត្តិតាមច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើកកម្ពស់សមត្ថភាព យល់ដឹង និងសិក្សាស្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីធានាបំពេញតួនាទីឱ្យបានត្រឹមត្រូវ និងជោគជ័យតាមការកំណត់។
២-ប្តេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពរដ្ឋបាលផ្ទៃក្នុងរវាងគណៈអភិបាល និងប្រធានក្រុមប្រឹក្សាក្រុង និងអង្គភាពនានាជុំវិញដែនដីក្រុងប៉ោយប៉ែត និងអង្គការសង្គមស៉ីវិលឱ្យបានល្អ និងរឹងមាំ។
៣-ប្តេជ្ញាពង្រឹងអភិបាលកិច្ចល្អ យកចិត្តទុកដាក់លើការបង្កើនប្រសិទ្ធភាព ការអនុវត្តគោលនយោបាយផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
៤-ប្តេជ្ញាបង្កើនកិច្ចអភិវឌ្ឍន៍តាមរយៈការប្រមូលផ្ដុំឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីកសាងសមិទ្ធផលនានានៅទីប្រជុំជន និងដល់មូលដ្ឋានឱ្យបានរីកចម្រើនលើគ្រប់វិស័យ។ /