ខេត្តព្រះសីហនុ-ដោយ: សុភ័ក្ត្រ
ប្រភពពីប្រជាពលរដ្ឋស្រុកព្រៃនប់ បានលើកឡើងថា ដីព្រៃក្នុងដែនឧទ្យានជាតិព្រះសីហនុ “រាម” ទំហំរាប់រយហិកតាស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងយកឥទ្ធិពលកងពលតូចថ្មើរជើង “ង៧០” ជាខែលប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយគ្មានរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញម្តងណាឡើយ។
ប្រភពដដែលបានបន្តឱ្យដឹងថា ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ថន វីរៈ ដោយយកលេសថាជាបន្ទាយរបស់កងទ័ពបានធ្វើសកម្មភាពហាមប្រាមប្រជាពលរដ្ឋមិនឱ្យចូលទៅទីនោះ រីឯក្រុមខ្លួនលបទន្ទ្រានយកដីព្រៃរបស់រដ្ឋបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងក្នុងដែនឧទ្យានជាតិព្រះសីហនុ “រាម” អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។
សកម្មភាពខាងលើនេះ ត្រូវបានមហាជនលើកឡើងថា
លោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងប្រើល្បិចកលឆ្ពិនភ្នែករបាយការណ៍ភូតកុហកថ្នាក់លើក្នុងបរិបទ “កន្ទេលធំបន្លំដេក” ចង់កេងចំណេញ និងចង់បន្លំដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
ជាមួយគ្នានេះដែរ សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិដោយផ្ទាល់ និងដោយប្រយោលរបស់លោក ថន វីរៈ ដោយសារតែការគ្រប់គ្រង និងការប្រើសិទ្ធិក្នុងការសម្រេចដោយបុគ្គលក្នុងស្ថាប័នមានអំណាចធំពេក និងការកំណត់ព្រំដែននៃអំណាចមិនច្បាស់លាស់ និងគ្មានការត្រួតពិនិត្យលើការប្រើអំណាច និងសិទ្ធិផងនោះនាំឱ្យលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ អាចប្រើប្រាស់អំណាច និងសិទ្ធិរបស់ខ្លួនហួសព្រំដែន និងមានបំណងចង់ធ្វើអ្វីមួយតាមទំនើងចិត្តរបស់ខ្លួន។
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ឧទ្យានជាតិព្រះសីហនុ “រាម” ជាដីសាធារណៈរបស់រដ្ឋ គ្មានជនណាម្នាក់មានសិទ្ធិរុករានទន្ទ្រានកាន់កាប់ និងទិញ-លក់ដីរដ្ឋឡើយ ទោះបីជាមានការបញ្ជាក់ពីមេឃុំ ឬចៅហ្វាយស្រុកក៏ដោយ។ ការលើកឡើងដូច្នេះ ក្រោយពីមានចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចនៅតែបន្តកើតមាន ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។
លោក លិន សារិន មេឃុំរាម បានឱ្យ “ពុទ្ធិខ្មែរ” ដឹងថាទាក់ទងករណីខាងលើនេះលោកពុំមានជាប់ពាក់ព័ន្ធនោះទេ ហើយក៏មិនហ៊ានជាមួយ លោក ថន វីរៈ ដែរ។ បើសិនជាចង់ដឹងរឿងនេះច្បាស់ គឺមានតែលោកអភិបាលស្រុកព្រៃនប់ និង ឯកឧត្តមអភិបាលខេត្តព្រះសីហនុ តែប៉ុណ្ណោះ។
ទាក់ទិននឹងករណីនេះ កាសែត និងគេហទំព័រ “ពុទ្ធិខ្មែរ” បានធ្វើការទាក់ទងទៅ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ហៅចូលតាមទូរស័ព្ទ
តែមិនមានអ្នកទទួលនោះទេ។ “ពុទ្ធិខ្មែរ” មិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ ទេនៅថ្ងៃនេះដោយពុំមានលេខទូរស័ព្ទធ្វើការទាក់ទង។
សូមរម្លឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាតមិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ពចូលរួមសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះឡើយ ព្រោះវាមិនស្របតាមច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ។ ការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះមានតែមន្ត្រីយុត្តិធម៌ក្នុងកងរាជអាវុធហត្ថតែប៉ុណ្ណោះ។
ជាមួយគ្នានេះ មាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំប្រើប្រាស់កម្លាំង កងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ។
សូមជម្រាបថា ឧទ្យានជាតិព្រះសីហនុ “រាម” មានទីតាំងស្ថិតនៅទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះរវាងកោះថ្មី និងក្រុងព្រះសីហនុ មានចម្ងាយប្រហែល ១៨គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងមានចម្ងាយប្រមាណ ១៩៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤។
ឧទ្យានជាតិព្រះសីហនុ “រាម” ស្ថិតនៅក្នុងស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ មានទីតាំងខាងជើងជាប់នឹងផ្លូវជាតិលេខ៤ ឃុំរាម ឃុំអូរឧកញ្ញ៉ា ហេង ដែលស្ថិតនៅជាប់ជួរភ្នំ។ ខាងកើតជាប់ឃុំបត់ត្រង់ ភូមិអុង ក្នុងឃុំរាម និងឈូងសមុទ្រថៃ។ ខាងលិចជាប់នឹងឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ។
ឧទ្យានជាតិព្រះសីហនុ “រាម” មានផ្ទៃដី ២១.០០០ហិកតានេះក្រៅពីនៅជាប់មាត់សមុទ្រ ក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ដោយប្រជុំភ្នំនៅតំបន់ទាំងនោះស្ថិតនៅរាយប៉ាយពេញតំបន់ហើយមានរយៈកម្ពស់ប្រែប្រួលពី ៥០ម៉ែត្រ ដល់ ២៨៤ម៉ែត្រ ដោយមានភ្នំតូច ធំ និងកោះចំនួន ២ គឺកោះថ្មី និងកោះសេះ។
ឧទ្យានជាតិព្រះសីហនុ “រាម” បានបើកនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានទំហំផ្ទៃដីសរុប ២១.០០០ហិកតា ដែលក្នុងនោះ ១៥.០០០ហិកតា ជាដីគោកតាមឆ្នេរសមុទ្រ និង ៦.០០០ហិកតាជាផ្ទៃទឹកសមុទ្រ៕