រាជធានីភ្នំពេញ-ដោយៈសុភ័ក្ត្រ
មន្ត្រីជំនាញប្រទេសកម្ពុជា និងប្រទេសចិន បានបញ្ចប់ការពិភាក្សាគ្នាលើបញ្ហាសំខាន់ៗ សម្រាប់ត្រៀមរៀបចំកម្មវិធីរាត្រីស្រមោលសរនិទាឃរដូវកម្ពុជា-ចិន ដែលជាការសម្ដែងសិល្បៈ ស្តីពីទំនាក់ទំនងមិត្ដភាពកម្ពុជា-ចិន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នាពេលខាងមុខនេះ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី “ការរៀបចំកម្មវិធីរាត្រីសមោសរនិទាឃរដូវនៃទំនាក់ទំនងមិត្ដភាពកម្ពុជា-ចិន” កាលពីព្រឹកថ្ងៃ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្ដីការក្រសួងថា “មកដល់ពេលនេះ ក្រុមការងាររៀបចំកម្មវិធី សម្ដែងសិល្បៈនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) បានត្រៀមខ្លួនជាស្រេចហើយ ទាំងកម្លាំង ធនធនមនុស្ស និងឧបករណ៍បច្ចេកទេស ដើម្បីបម្រើឱ្យការសម្ដែងសិល្បៈ និងការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ជាតិកម្ពុជាទៅកាន់ប្រទេសចិន ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា “ការពិភាក្សាលើបញ្ហាធំៗរបស់ភាគីទាំងពីរ បានបញ្ចប់រួចរាល់ ហើយ ដែលភាគីចិន បានដឹកសម្ភារបច្ចេកទេស និងឡានផ្សាយបន្ដផ្ទាល់របស់ចិន មកដល់ប្រទេសកម្ពុជាហើយ ដើម្បីរៀបចំសម្រាប់បម្រើដល់ការសម្តែង និងការផ្សាយ” ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា “ចំពោះសិល្បករ សិល្បការិនីកម្ពុជា មានចំនួន១០០នាក់ និងខាងភាគីចិន មានចំនួនជិត ២០០ នាក់ ហើយគ្រោងនឹងចាប់ផ្ដើមហាត់សម នៅថ្ងៃទី៦ ខែកុម្ភៈ នេះតទៅដើម្បីឱ្យក្រុមទាំងពីរអាចធ្វើការងារជាមួយគ្នាមុននឹងសម្ដែង ផ្ទាល់នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ”។ “ជាមួយគ្នានេះកម្មវិធីសិល្បៈនេះ គឺជាការរៀបចំកម្មវិធីមួយដ៏ធំ ដែលប្រទេស ចិនបានធ្វើនៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានធ្វើឡើងចំនួនពីរដងរួចមកហើយ លើកទី១ នៅប្រទេសឡាវ និងលើកទី២នៅប្រទេសថៃ ដើម្បីផ្លាស់ប្ដូរសិល្បៈវប្បធម៌រវាងប្រទេស ចិន ជាមួយប្រទេសអាស៊ានមុននឹងមករៀបចំសម្ដែងនៅក្នុងប្រទេសកម្ពុជា”។
ឯកឧត្តមរដ្ឋមន្ត្រី បានបានបញ្ជាក់បន្ថែមថា “នេះគឺលើកទី១ ហើយដែលក្រសួងព័ត៌មានរៀបចំ កម្មវិធីមហាស្រពសិល្បៈរវាងកម្ពុជា-ចិន ហើយធ្វើការផ្សាយផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងយក ទៅផ្សាយបន្តតាមទូរទស្សន៍ចិន ដើម្បីឱ្យប្រជាជនចិនជាងមួយពាន់លាននាក់ អាចទស្សនាផ្ទាល់ បានអំពីសិល្បៈវប្បធម៌នៃប្រទេសទាំងពីរ”។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ភាគីចិនបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះការអញ្ជើញភ្ញៀវ ក្នុង ការចូលរួមក្នុងកម្មវិធីដែលមានប្រភេទភ្ញៀវថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវ ថ្នាក់ VVIP, VIP និងភ្ញៀវ ធម្មតាដើម្បីឱ្យអ្នករៀបចំកម្មវិធី និងពិធីការ ងាយស្រួលក្នុងការរៀបចំ និងត្រួតពិនិត្យឱ្យបាន ល្អទៅលើដំណើរការកម្មវិធី។ ជាមួយគ្នានេះដែរតំណាងភាគីចិនក៏បានលើកឡើងថា ការរៀប ចំកម្មវិធីទាំងការថត និងការផលិតភាគីចិនជាអ្នកធានារ៉ាប់រ៉ង និងទទួលខុសត្រូវទាំងស្រុង។
ជាថ្មីម្តងទៀត កម្មវិធីរាត្រីស្រមោលសរ នេះភាគីទាំងពីរកម្ពុជា និងចិនបានសម្រេច ជ្រើសរើសយករាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ជាថ្ងៃសម្ដែងសិល្បៈមិត្ដភាពកម្ពុជា-ចិន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការផ្សាយផ្ទាល់រយៈពេល ២ម៉ោង និង៣០នាទី ចាប់ពីម៉ោង៧យប់ តទៅតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាដែលមានការអញ្ចើញភ្ញៀវ ចូលរួមចំនួន៣០០០នាក់ ៕