ខេត្តមណ្ឌលគិរី-ដោយ: ក.ស្រីម៉ៅ
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តនេះមានទំហំបណ្ដោយប្រវែង ៥៦ ម៉ែត្រ និងទទឹង ១១ម៉ែត្រ រួមនឹងវេរ៉ងដាទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ មានកម្ពស់ ៣ជាន់ គ្រោងនឹងសាងសង់រយៈពេល ២ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ៦៥ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន ១០ម៉ឺនដុល្លារអាមេរិក រួមនឹងថវិការបស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ចំនួន ១ម៉ឺនដុល្លារអាមេរិកផងដែរ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត គឺជាការរួមចំណែកកសាងក្នុងអង្គភាព ក៏ដូចជាធ្វើឱ្យខេត្តមានការរីកចម្រើន ដើម្បីឱ្យសាកសមជាកន្លែងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត កម្លាំងកងរាជអាវុធហត្ថ គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក៏ដូចជាការចូលរួមអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេស ចូលរួមទប់ស្កាត់នូវរាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងកិច្ចការងារបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃជាដើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា មេបញ្ជាការកងរាជអាវុធហត្ថទាំងអស់ត្រូវធ្វើការដឹកនាំគ្រប់គ្រងបញ្ជាកម្លាំងក្រោមឱវាទឱ្យបានល្អ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការរួមចំណែកថែរក្សាការពារសណ្ដាប់ធ្នាប់ សន្តិសុខសង្គម និងត្រូវបង្ក្រាបបទល្មើសផ្សេងៗដែលកើតមានឱ្យបានជោគជ័យ។ ត្រូវអប់រំហ្វឹកហ្វឺនកងទ័ពឱ្យមានសមត្ថភាពគ្រប់គ្រាន់ មានអត្តចរិតត្រឹមត្រូវ សីលធម៌ ស្អាតស្អំ យល់ច្បាស់អំពីកាតព្វកិច្ច ភារកិច្ចដោយស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានលះបង់គ្រប់កាលៈទេសៈដែលជាតិត្រូវការ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត/ក្រុង/ស្រុក ត្រូវកសាងអង្គភាពឱ្យមានកន្លែងធ្វើការសមរម្យ មានសណ្ដាប់ធ្នាប់ល្អ ជាពិសេស កងកម្លាំងទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវធ្វើអ្វីៗដើម្បីប្រជាជន៕