ដីចម្ការ​ស្រល់​ខេត្តមណ្ឌលគិរី​ទំហំ ២២៥​ហិកតា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្លាយ​ជា​កម្ម​សិទ្ធ​ឯកជន ខណ​:​តម្លៃ​ដី​នៅ​តំបន់​នោះ​ហក់​ឡើង​ខ្ពស់​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​

​សេចក្ដីរាយការណ៍​ពី​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​ជាង ២២៥​ហិកតា ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន ខណ​:​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ហក់​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​។​

​សេចក្តីរាយការណ៍​ដដែល​បាន​បន្តថា សព្វថ្ងៃ​នេះ​ដីចម្ការ​ស្រល់​ក្នុង​ភូមិសាស្ត្រ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ត្រូវបាន​មន្ត្រី និង​អាជ្ញាធរ​ខេត្ត​/​ក្រុង និង​ស្រុក​អូររាំង​មួយចំនួន​ឃុបឃិត​លក់​ទៅ​ឱ្យ​ឈ្មួញ មានអំណាច និង​ឧកញ៉ា​។ ហើយ​ព័ត៌មាន​នេះ​ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា អាជ្ញាធរ​ត្រៀម​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ (​ប្លង់រឹង​) ឱ្យ​អ្នក​ដែល​ទិញ​ដី​រដ្ឋ​ទាំងនោះ​ទៀតផង​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា “​ដីចម្ការ​ស្រល់​នេះ​ត្រូវបាន​ដាំ​ដោយ​អតីត​
​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ចាប់តាំងពី​ឆ្នាំ​១៩៦០ មកម្ល៉េះ ហើយ​ត្រូវបាន​រក្សា​ទុក​មកទល់​នឹង​បច្ចុប្បន្ននេះ​។ ហើយ​បាន​ដាំ​បន្ថែម​ដោយ​ទាហាន​សឹក​រង​ខេត្ត កាលពី​អំឡុង​ឆ្នាំ​២០០៥ លើ​ផ្ទៃដី​ទំហំ ២២៥​ហិកតា ស្ថិតក្នុង​ស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​”​។​

​ប្រភព​ដដែល​បន្តថា “​តាំងពី​ឆ្នាំ​២០១៨ រហូត​ដើមឆ្នាំ​២០១៩​នេះ ដីចម្ការ​ស្រល់​ទាំងនោះ​ត្រូវ​បាន​រង​នូវ​ការទន្ទ្រាន និង​ទិញ​-​លក់​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នកមានអំណាច​ដែល​ធ្វើឱ្យ​មន្ត្រី​ជំនាញ​ពិបាក​ធ្វើការ​”​។​

​ក្រុមអ្នកតាមដាន​សង្គម​បាន​លើកឡើង​ថា ក្រោយ​មាន​ដំណឹង​ពី​វត្ត​មាន​ជនជាតិ​ចិន​ទៅ​វិនិយោគ​ក្នុង​ខេត្ត​មណ្ឌលគិរី គេ​សង្កេតឃើញថា មាន​ក្រុម​ឈ្មួញ​រកស៊ី​ដី​រាប់សិប​នាក់ ខ្លះ​ស្កាត់​ពី​រាជធានី​ភ្នំពេញ ខ្លះ​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយៗ ដើរ​បំផុសបំផុល​រក​ទិញ​ដី​ក្នុង​ទំហំ​ផ្ទៃ​ដី​ធំៗ ដើម្បី​ទុក​លក់​បន្ត​ឱ្យ​ថៅកែ​ចិន ឬ​ឧកញ៉ា​ផ្សេងៗ សកម្មភាព​នេះ​ហើយ ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី ហក់​ឡើងថ្លៃ​នឹកស្មាន​មិន​ដល់​។ ហើយ​ដី​ដែល​ត្រូវប៉ាន់​ជាងគេ​នោះ​គឺជា​ដី​ដែល​មាន​ទឹកអូរ មាន​ភ្នំ មាន​ព្រៃឈើ គឺ​លក់​បាន​តម្លៃ​ថ្លៃ ដូច្នេះហើយ​ទើប​ដីចម្ការ​ស្រល់​របស់​រដ្ឋ​ដែល​មាន​ព្រៃឈើ មាន​ទឹកអូរ និង​មាន​ភ្នំ​ស្រាប់​នោះ​បាន​ក្លាយទៅជា​ទីតាំង​មាន​សក្តានុពល​សេដ្ឋកិច្ច​របស់​មន្ត្រី​ខិលខូច​រួម​នឹង​ក្រុម​ឈ្មួញ​គក់​ជេរ​ដី សង្វាត​បោះ​ព្រំ​បង្គោលរបង​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដោយ​ប្រើ​រូបភាព​ឱ្យ​បងប្អូន​ជនជាតិដើម​ភាគតិច​ជា​អ្នក​ឈរឈ្មោះ​ធ្វើ​ម្ចាស់​ដី​ដើម្បី​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​ចៀសវាង​បង្កបញ្ហា​ដល់​ខ្លួនឯង​។​

​លោក នង ទុ​ណ្ណា​រី អភិបាល នៃ​គណៈ​អភិបាល​ស្រុក​អូររាំង បានឱ្យដឹងថា “​រឿងនេះ​វា​មិន​ពិត​នោះទេ ហើយ​ដី​ដែល​គេ​លក់​នោះ គឺជា​ដី​របស់​ប្រជាពលរដ្ឋ គាត់​ចង់​លក់​គឺជា​សិទ្ធិ​របស់​គាត់ ក្នុងនាម​ជា​អាជ្ញាធរ លោក​បាន​ត្រឹម​សម្របសម្រួល​ជូន​ពួក​គាត់​តែ​ប៉ុណ្ណោះ មិន​អាច​ហាមឃាត់​ឡើយ​។ ហើយ​ចំណែក រឿង​លក់​ដី​ដើម​ស្រល់​នោះ គឺ​កាលពី​មុន​គេ​ដាំ​ដើម​ស្រ​ល់ ប្រជាពលរដ្ឋ​បាន​តវ៉ា​មិន​ឱ្យ​ដាំ​លើ​ដី​គាត់ តែ​អ្នក​ដាំ​នៅតែ​ដាំ​លើ​ដី​នោះ ទើប​បង្ក​ទៅ​ជា​ការយល់​ច្រឡំ​ថា​មាន​អ្នក​លួច​លក់​ដី​ចម្ការ​ស្រល់​ទៅវិញ​”​។​

​លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​លោក​បាន​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ​។​

​លោក អ៊ុំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បានឱ្យដឹងថា “​ដីចម្ការ​ស្រល់​ទំហំ ២២៥​ហិកតា គឺ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ ជា​យូរ​មក​ហើយ ជា​កម្ម​សិទ្ធ​របស់​រដ្ឋ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដី​នេះ​ទេ​។ ចំពោះ​សកម្មភាព​អ្នក​បោះបង្គោល​កំណត់​ព្រំ​ដី​រួម​នឹង​អ្នក​កំពុង​កាន់កាប់​លើ​ដី​ចម្ការ​ស្រល់​ស្ថិតក្នុង​ស្រុក​អូររាំង រដ្ឋបាល​ព្រៃឈើ​កំពុង​រក​ឯកសា​រពាក់​ព័ន្ធ​នឹង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត លើ​បុគ្គល​ដែល​រំលោភ​ក្នុង​ដី​រក្សា​ទុក​របស់​រដ្ឋ​”​។

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បានបញ្ជាក់​ថា “​បច្ចុប្បន្ន​នេះ​ដីចម្ការ​ស្រល់​ទំហំ ២២៥​ហិកតា​គឺ​កំពុង​រង​នូវ​ការរំលោភ​ទន្ទ្រាន​យក​ស្ទើរ​ទាំងស្រុង ក្នុងនោះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ​កំពុង​ដុតដៃដុតជើង​ដើម្បី​វែកមុខ​បុគ្គល​ដែល​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​យក​ដី​រដ្ឋ​មក​រក្សាទុក​វិញ​ដើម្បី​ការអភិវឌ្ឍន៍​នៅ​ថ្ងៃក្រោយ​ទៀត​”​។​

pu190221d04 pu190221d01 pu190221d02 pu190221d03