ក្រុងប៉ោយប៉ែត-ដោយ: សុភ័ក្ត្រ
យោងតាមការអំពាវនាវ និងជូនដំណឹងរបស់រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដែលមានខ្លឹមសារដើមដូចខាងក្រោម÷
ក្នុងនាមរដ្ឋបាលសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ្ញុំបាទ ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ប៉ោយប៉ែតឱ្យបានជ្រាបថា រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានត្រៀមស្មារតីទទួលខុសត្រូវខ្ពស់សម្រាប់ការពារសុខសុវត្ថិភាព និងជួយសង្គ្រោះជូនប្រជាពលរដ្ឋ គ្រប់ ២៤ម៉ោងក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ដោយបំណងល្អក្នុងការព្រួយបារម្ភអំពីសុខទុក្ខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ខ្ញុំបាទសូមចូលរួមយោបល់ ក្រើនរម្លឹកដល់បងប្អូនពាក់ព័ន្ធនឹងការសែនព្រេន ពេលអុជធូបទៀន និងដុតក្រដាសសែនត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងចេញទៅណាមកណា ត្រូវពិនិត្យមើលភ្លើងធូបទៀនឱ្យអស់ ឬពន្លត់ទៀនធូប ហើយកុំភ្លេចបិទកុងតាក់ភ្លើងអគ្គិសនីឱ្យរួចរាល់សិន ដើម្បីការពារខ្លាចក្រែងមានបង្កទៅជាអគ្គិភ័យបណ្ដាលឱ្យឆាបឆេះផ្ទះសម្បែងខ្លួនឯង និងផ្ទះអ្នកដទៃជិតខាងនាំឱ្យកើតសោកនាដកម្មដោយនឹកស្មានដល់។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនេះ ផងដែរ ខ្ញុំបាទ ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សូមគោរពជូនពរពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រកទទួលទានមានបាន ហេងចូលហេងគ្រប់ក្រុមគ្រួសារ។