​រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​តួនាទី​និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំ​ចូល​របស់​កាំកុងត្រូល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​តួនាទី​និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួង​ពាណិជ្ជកម្ម​ពី​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ច្រកទ្វារ​តំបន់​ព្រំដែន ច្រកទ្វារ​កំពង់ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច​ពិសេស ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ២៧ អនក្រ​.​បក ស្តីពី “​ការកែសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំ​ចូល​ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង ពង្រឹង​ភាព​ប្រកួតប្រជែង​កម្ពុជា​” ចុះ​ថ្ងៃ​ចន្ទ ៨​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩​។​

​ក្នុង​អនុក្រឹត្យ​ខាងលើ នៅក្នុង​មាត្រា​២ បាន​បញ្ជាក់បន្ថែម​ថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គឺជា​ស្ថាប័ន​តែមួយ​គត់​មាន​សមត្ថកិច្ច​ក្នុង​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​​នៅ​ច្រក​ទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ច្រកទ្វារ​តំបន់​ព្រំដែន ច្រកទ្វារ​កំពង់ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច​ពិសេស ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត​។​

​ក្នុង​មាត្រា​២ ដដែល​បាន​បញ្ជាក់ទៀតថា ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវការ​ជំនាញ​ឯកទេស​ជាក់លាក់​ក្នុង​ការត្រួតពិនិត្យ ស្រប​តាម​គោលការណ៍​គ្រប់គ្រង​ហានិភ័យ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អាច​ស្នើសុំ​កិច្ច​សហការ​ពី​ស្ថាប័ន​ឯកទេស​ផ្សេងទៀត ក្នុង​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល ស្រប​តាម​ការកំណត់​នៃ​លិខិត​បទដ្ឋាន​ជា​ធរមាន​។​

 

pu190201b2 pu190201b3 pu190201b4