ខេត្តមណ្ឌលគិរី-ដោយ: ក.ស្រីម៉ៅ
ក្រុមមន្ត្រីឧទ្យានុរក្សចម្រុះគ្នាចំនួន ៦នាក់ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារយ៉ាងសន្ធប់មកលើក្រុមខ្លួន ខណៈកំពុងឃាត់សាកសួរបុរសម្នាក់សង្ស័យដឹកសត្វព្រៃខុសច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី
បានបណ្តាលឱ្យមន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ករណីនេះបានកើតឡើងគ្រាដែលក្រុមមន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងនគរបាល យោធា និងមន្ត្រីការពារសត្វព្រៃ សរុបមានគ្នា ៦នាក់ បានចេញល្បាតតាំងពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក លុះដល់ចំណុចអូររ៉ូវេ ក៏ប្រទះឃើញជំរំមួយកន្លែង ប៉ុន្តែពុំឃើញមានមនុស្សស្នាក់នៅទេ ដោយមានការសង្ស័យក្រុមមន្ត្រីជំនាញបានពង្រាយគ្នារង់ចាំឃ្លាំមើលនៅចំណុចទីតាំងនោះ រហូតដល់វេលាទៀបភ្លឺថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្រាប់តែឃើញម៉ូតូមួយគ្រឿងជិះសំដៅមកជំរំមួយនេះ និងដឹកប៉ាវមួយដែលសង្ស័យថាមានលាក់ទុកសត្វព្រៃក្នុងនោះ ឃើញដូចនេះ ក្រុមមន្ត្រីចម្រុះបានចេញមកឃាត់ម៉ូតូខាងលើ ប៉ុន្តែមិនទាន់បានឃាត់ផងក៏មានស្នូរកាំភ្លើងបាញ់ប្រហារពីលើមាត់ច្រាំងអូររ៉ូវេសំដៅមកលើក្រុមមន្ត្រីឧទ្យានុរក្ស។ ដើម្បីការពារខ្លួនក្រុមមន្ត្រីឧទ្យានុរក្សបានបាញ់តបតគ្នាមួយប្រាវបានបណ្ដាលឱ្យមន្ត្រីឧទ្យានុរក្សម្នាក់រងរបួសចំភ្លៅធ្លាយគ្រប់មកគូទ។
លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបន្តថា ក្រោយបាញ់តទល់គ្នាមួយប្រាវរួចមក ក្រុមខ្មាន់កាំភ្លើង និងកម្លាំងចម្រុះបានដកថយរៀងខ្លួន និងបានជម្លៀសមន្ត្រីដែលរងរបួសមកទីតាំងផ្សេង ប៉ុន្តែបន្តិចក្រោយមកប្រហែលម៉ោង ៥ទៀបភ្លឺ ខ្មាន់កាំភ្លើងទាំងនោះបានលបមកជំរំរបស់មន្ត្រីជំនាញស្នាក់នៅម្ដងទៀត និងបានបាញ់រះមកលើម៉ូតូមួយគ្រឿងបណ្ដាលឱ្យរងការខូចខាត ប៉ុន្តែមិនបណ្តាលឱ្យក្រុមមន្ត្រីឧទ្យានុរក្សរងរបួសថែមទៀតនោះទេនៅក្នុងហេតុការណ៍បាញ់លើកទីពីរនេះ។
លោក កែវ សុភគ៌ បានបញ្ជាក់បន្ថែមថា ជនរងគ្រោះឈ្មោះ ចេង ចាន់ធី ជាមន្ត្រីឧទ្យានុក្សប្រចាំដែនជម្រកសត្វព្រៃស្រែពកហើយមកទល់ពេលនេះ មន្ត្រីដែលរងរបួសបានរួចផុតជីវិតហើយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងបន្ថែមថា ករណីនេះលោកបាននឹងកំពុងបញ្ជាកម្លាំងជាច្រើននាក់ចុះទៅតំបន់ខាងលើ ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន៕