ក្រុងប៉ោយប៉ែត-ដោយ: សុភ័ក្ត្រ
ក្រោមក្រសែភ្នែកងឿងឆ្ងល់ និងការសញ្ជឹងគិតដោយក្តីបារម្ភជាពន់ពេកចំពោះអត្តសញ្ញាណជាតិរបស់ខ្លួនពីសំណាក់ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងប៉ោយប៉ែត និងបានរិះគន់ចំៗថា លោក សាន ស៊ានហូ អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អសមត្ថភាពក្នុងការគ្រប់គ្រងស្លាកយីហោ និងស្លាកសញ្ញាផ្សេងៗដោយបណ្តែតបណ្តោយឱ្យជនបរទេស ពិសេសជនជាតិចិនលើកស្លាកយីហោជាអក្សរចិនដោយគ្មានវត្តមានអក្សរជាតិខ្មែរយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរក្រុងហាក់មិនយកចិត្តទុកដាក់ពីបញ្ហានេះនោះទេ។ ដោយហេតុថា សព្វថ្ងៃនេះមានស្លាកយីហោ និងស្លាកសញ្ញាសម្គាល់ទីតាំងសំណង់ សណ្ឋាគារ កាស៊ីណូ ខុនដូ ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងហាងម៉ាស្សាភាគច្រើនដែលមានម្ចាស់ ឬថៅកែជាជនបរទេស ពិសេសជនជាតិចិន គឺបានលើកស្លាកយីហោនៅតាមទីតាំងនីមួយៗជាអក្សរបរទេស ឬជាអក្សរចិនធំៗ និងមានស្លាកយីហោខ្លះមានសរសេរអក្សរខ្មែរខ្លះដែរតែមានទំហំតូចជាងអក្សរបរទេស និងមានស្លាកយីហោខ្លះទៀតមិនមានសរសេរអក្សរខ្មែរតែម្តង។
ដោយមើលឃើញពីបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងប៉ោយប៉ែត បានស្នើសុំឱ្យមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យមេត្តាចុះត្រួតពិនិត្យការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេស ពិសេសអក្សរចិននៅតាមស្លាកយីហោ និងស្លាកសញ្ញាសម្គាល់ផ្សេងៗនៅតាមហាង សំណង់អគារ ឬទីកន្លែងនានាដែលមានថៅកែ ឬម្ចាស់អាជីវកម្មជាជនបរទេស ពិសេសជនជាតិចិន ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឱ្យបានត្រឹមត្រូវឡើងវិញ ក្នុងន័យថែរក្សា អភិរក្ស និងលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។
ទាក់ទងនឹងការរិះគន់ខាងលើនេះ “ពុទ្ធិខ្មែរ” មិនអាចទាក់ទង លោក សាន ស៊ានហូ អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សុំការបញ្ជាក់បញ្ហានេះបានទេនៅល្ងាចថ្ងៃទី០៨ ខែធ្នូនេះ។
សូមរម្លឹកថា នាពេលកន្លងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងផ្ញើជូនអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្តទាំងអស់ស្តីពីការកំណត់ឱ្យប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ ដោយគោរពតាមគោលការណ៍ណែនាំដូចខាងក្រោម ÷
១-អក្សរខ្មែរត្រូវសរសេរឱ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ។
២-អក្សរបរទេសអាចសរសេរនៅជួរខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សរខ្មែរ។
៣-ការសរសេរអក្សរខ្មែរ ត្រូវអនុវត្តតាមវចនានុក្រម របស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។