សេចក្ដីបំភ្លឺ​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​​អំពី​យន្តការ និង​នីតិវិធី​ត្រួតពិនិត្យ​ផលិតផល​ប្រេងឥន្ធនៈ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​យោង​តាម​សេចក្ដីបំភ្លឺ​ព័ត៌មាន​របស់ អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” ទទួលបាន ស្តី​អំពី​យន្តការ និង​នីតិវិធី​ត្រួតពិនិត្យ​ផលិតផល​ប្រង​ឥន្ធនៈ​របស់​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​មាន​អត្ថន័យ​ពិស្តារ ដូចខាងក្រោម ÷

​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម សូម​សម្តែង​នូវ​ការគោរព​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បណ្តាញសារព័ត៌មាន​នានា ដែល​បាន​បញ្ចេញ​ទស្សនៈ និង​ផ្តល់​នូវ​ការចូលរួម​មតិ​យោបល់​ដ៏​ល្អ ពាក់ព័ន្ធ​នឹង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ នៅតាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា របស់​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម​។​

​ក្នុងតួនាទី របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បំពេញ​ភារកិច្ច​ពាក់ព័ន្ធ​នឹង​កិច្ចការ​ការពារ​អ្នកប្រើប្រាស់ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ពិសេស​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ម្ហូបអាហារ និង​ការ​ក្លែងបន្លំ​ទំនិញ​គ្រប់​រូបភាព​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ មន្ត្រី​ជំនាញ​ផ្នែក​ប្រេងឥន្ធនៈ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារ ដែល​មាន​ការ​ក្រិត​ខ្នាត និង​មាន​ការទទួលស្គាល់​ត្រឹមត្រូវ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន ០២ ដើម្បី​អនុវត្ត ÷ ភាពមិនប្រក្រតី​ដែល​ត្រូវបាន​រកឃើញ​លើក​ទី​១ រួម​មាន​កម្រិត​លម្អៀង​លើ​បរិមាណ​លក់​ចេញ និង​កម្រិត​គុណភាព​អុក​តាន (Octane) តម្រូវឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​ឡើងវិញ​។ ទន្ទឹមនេះ នឹង​មាន​ផ្សព្វផ្សាយ​ឈ្មោះ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ដែល​មិន​ប្រក្រតី​នោះ តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​។ ក្នុងករណី​ស្ថានីយ​/​ដេប៉ូ​ដដែល មាន​ភាពមិនប្រក្រតី​ជា​លើក​ទី​២ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ស្នើ​សុំ​ក្រសួង​ពាណិជ្ជកម្ម ធ្វើការ​ព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំពោះ​នីតិវិធី​ត្រួតពិនិត្យ គឺ​មិន​ទុក​ឱកាស​យូរ​ដល់​ស្ថានីយ​/​ដេប៉ូ​ដែល​មាន​ភាពមិនប្រក្រតី​នោះទេ ហើយក៏​មិន​ឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ដឹង​មុន​ដែរ​។​

​នា​ពេល​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បានកំណត់​វិធានការ​តឹងរឹង​ចុងក្រោយ ខណៈ​ពេល​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ គឺ​មាន​ព្រះរាជអាជ្ញា​ដឹកនាំ ងាយស្រួល​ក្នុង​ការចាត់វិធានការ​ភ្លាមៗ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង​។ ការដាក់បន្ទុក​តាមផ្លូវ​តុលាការ​នេះ ទាមទារ​ឱ្យ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម កសាង​កំណត់ហេតុ​មួយ​ច្បាស់លាស់ និង​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ផ្អែកលើ​លទ្ធផល​បច្ចេកទេស​របស់​មន្ទីរពិសោធន៍ (​ទាំង​ខ្នាតតូច និង​ខ្នាត​ធំ​) ដែល​ឥឡូវនេះ យើង​កំពុង​ដំណើការ​នៅឡើយ ហើយ​កិច្ចការ​នេះ ត្រូវ​ឱ្យមាន​សុក្រឹតភាព និង​ផ្តល់​ភាពយុត្តិធម៌​ជូន​ទាំង​អ្នក​លក់ និង​អ្នកទិញ​ផងដែរ​។​

​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នឹង​បន្ត​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​ឈរ​លើ​អាណត្តិ​ការងារ​តាម​តួនាទី និង​ភារកិច្ច ហើយ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​លើ​កិច្ច​សហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ​យើង​ទាំងមូល​។​

pu181116d2