ក្រុងស៊ាងហៃ: ដោយមានចម្ងាយជាង ៣០គីឡូម៉ែត្រពីកណ្ដាលក្រុងស៊ាងហៃ ប្រទេសចិនសណ្ឋាគារក្នុងដីដំបូងបំផុតក្នុងលោក InterContinental Shanghai Wonderland ទីបំផុតបានបើកសម្ពោធកាលពីម្សិលមិញ។
កសាងឡើងក្បែរឧទ្យានជាតិព្រៃភ្នំសេសាន និងសួនផ្កាភ្នំឈិនសាន ស្ថិតនៅលើជ្រលងអតីតអណ្ដូងរ៉ែ សណ្ឋាគារបានបណ្ដែតខ្លួនឡើង ពីអណ្ដូងរ៉ែ ដែលបានបើកសម្ពោធនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាផ្នែកមួយនៃការអភិវឌ្ឍក្រោមទឹកប្រាក់ ២៨៨លានដុល្លារ។
សណ្ឋាគារក្រោមដីរំលេចនូវប្រណីតភាពដ៏ស្ងប់ស្ងាត់ រុក្ខជាតិ និងសត្វជាច្រើនប្រភេទ អាហារលំដាប់ពិភពលោក ដើម្បីធានាស្វាគមន៍ដំណើរកម្សាន្ដវិស្សមកាល ឬសន្និសីទរបស់លោកអ្នកឱ្យកាន់តែកក់ក្ដៅ។ សណ្ឋាគារថ្មីសន្លាងនេះ មាន ៣៣៦បន្ទប់ស្នាក់នៅ និងបន្ទប់ធំៗ ដែលសុទ្ធតែអាចមើលឃើញទេសភាពអណ្ដូងរ៉ែ Shenkeng Quarry។
ក្រោយពីពន្យារពេលជាច្រើនឆ្នាំ ការឌីហ្សាញ និងវិស្វកម្មបានអនុញ្ញាតឱ្យមានការសាងសង់បន្ដរហូតដល់ចប់សព្វគ្រប់។
វាត្រូវបានរចនាឡើងដោយក្រុមវិស្វករ ដែលក៏បានសាងសង់អគារ Burj Al Arab ក្រុងឌូបៃផងដែរ ហើយការកសាងទាំងស្រុងត្រូវការពេលជិត ១០ឆ្នាំ និងប្រើវិស្វករ ស្ថាបត្យករ អ្នកឌីហ្សាញ និងកម្មករពាក់ព័ន្ធ ៥ពាន់នាក់។
១៦ ជាន់ក្នុងចំណោមអគារ ១៨ ជាន់ ស្ថិតនៅក្នុងដី ហើយបន្ទប់ស្នាក់ក្រោមគេ ២ ជាន់ កប់ក្រោមគេសុទ្ធសាធ ហើយលិចកប់ចូលក្នុងទឹកជម្រៅ ១០ ម៉ែត្រ។ ផ្នែកកប់ក្នុងទឹករបស់សណ្ឋាគារក៏មានភោជនីយដ្ឋាន អាងហែលទឹក និងមជ្ឈមណ្ឌលកីឡាលើទឹកផងដែរ។
សកម្មភាពដ៏រំជើបរំជួលដ៏ច្រើននៅសណ្ឋាគារលើទំហំដី ៦១ ០០០ ម៉ែត្រការ៉េ រួមមាន ដូចជា ទម្លាក់ខ្លួនពីអាកាស ឡើងជញ្ជាំងភ្នំ រំអិលខ្លួនតាមទឹកធ្លាក់កញ្ចក់ហូរធ្លាក់តាមជម្រាលរណ្ដៅ។
ដើម្បីទាញយកសម្រស់ធម្មជាតិជុំវិញ ទឹកធ្លាក់គន់ពីរានហាលបន្ទប់នីមួយៗត្រូវបានសាងសង់ឡើង។
ដោយរក្សានូវរចនាប័ទ្មរណ្ដៅអណ្ដូងរ៉ែស្ទើរតែទាំងស្រុង ស្ថាបត្យករបានកំហិតការកែច្នៃទេសភាពធម្មជាតិ ឲ្យមានកម្រិតទាបបំផុត។ សូម្បីតែដំបូលក៏បញ្ចូលរចនាប័ទ្មបែបធម្មជាតិផងដែរ។ ទិដ្ឋភាពបៃតងស្រស់បានបង្កប់សណ្ឋាគារប្រណីតទៅនឹងបរិស្ថានធម្មជាតិ។
សណ្ឋគាររចនាប័ទ្មក្នុងរណ្តៅដីដ៏ប្លែកនេះទទួលការកក់ទុកក្នុងតម្លៃមិនថោកទេ គឺ ៤៨៧ ដុល្លារក្នុង ១ រាត្រី៕HR