រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
យោងតាមគណនីហ្វេសប៊ុក (Account Facebook) មួយឈ្មោះ “Khmerlove Khmerlove Khmerlove” បានសរសេរសារបញ្ចេញកំហឹងយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមរបស់ខ្លួនមួយនេះ ដោយចោទមន្ត្រីនៅនាយកដ្ឋានលិខិតឆ្លងដែន ថាមិនទទួលប្រាក់រៀល (ធនបត្រ) ដែលម្ចាស់គណនីខាងលើបានឱ្យថ្លៃលិខិតឆ្លងដែនជាប្រាក់រៀលចំនួន ៤០០,០០០ (បួនសែនរៀល) តែខាងមន្ត្រីធ្វើលិខិតឆ្លងដែនមិនទទួលយក ហើយតម្រូវឱ្យទៅដូរជាប្រាក់ដុល្លារអាមេរិកវិញទើបទទួលយក។
ក្នុងគណនីហ្វេសប៊ុកដដែល បានលើកឡើងទៀតថា “អាសូរប្រាក់រៀលខ្មែរ មន្ដ្រីចរិតថ្លៃមិនទទួលលុយជាតិខ្លួនឯង!” ការលើកឡើងដូច្នេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមយក្ខ (Facebook) ជាច្រើនពាក់នាក់បានចែកចាយបន្ត (Share) និងបញ្ចេញទស្សនៈប្រតិកម្មរិះគន់ (Comment) យ៉ាងចាស់ដៃ និងស្នើសុំឱ្យថ្នាក់លើចាត់វិធានការចំពោះមន្ត្រីដូចក្នុងរូបភាពភ្ជាប់មកជាមួយនេះផង។
ម្ចាស់គណនីហ្វេសប៊ុក (Facebook) ខាងលើបានសរសេរបន្តថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយក (ប្រាក់រៀល) លុយខ្មែរ? (ពេលខ្ញុំឱ្យលុយខ្មែរ ៤០០,០០០ (បួនសែនរៀល) មន្ត្រីទារ ៤២០,០០០ (បួនសែនពីរម៉ឺនរៀល) ដល់ពេលខ្ញុំសួរថាខុសតម្លៃហាងឆេងខ្លាំងម្ល៉េះ មន្រី្តធ្វើចរឹកច្រងេងច្រងាងថាមិនយកលុយខ្មែរវិញ ហេីយថែមទាំងឱ្យខ្ញុំទៅរកលុយដុល្លារឱ្យបានទើបទទួលយក)។ ហេីយសុំសួរថាមន្ត្រីចរឹកឫកពាបែបនេះមែន ដែលយកមកបម្រេីប្រជាជន? ទេីបចួបផ្ទាល់ខ្លួនឯងតែម្តង!”។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើ កាសែត និងគេហទំព័រ “ពុទ្ធិខ្មែរ” មិនអាចធ្វើការទាក់ទងសុំការបញ្ជាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទេនៅថ្ងៃនេះ។
យោងច្បាប់ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅរបស់ធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ក្នុងមាត្រាទី៤៣ និង៦៤ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ។”
សូមរម្លឹកថា ប្រាក់រៀល (ធនបត្រ) ជាអត្តសញ្ញាណមួយរបស់ជាតិ។ ហើយប្រាក់រៀលក៏ជាមធ្យោបាយមួយដើម្បីរម្លឹកដល់អ្នកជំនាន់ក្រោយ អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងវីរបុរសរបស់ជាតិផងដែរ តាមរយៈរូបភាពដែលបានបោះពុម្ពលើក្រដាសប្រាក់។ កត្តានេះហើយដែលថា ចាយប្រាក់រៀលនាំមកនូវមោទកភាព និងសាមគ្គីជាតិ។
នៅក្នុងឱកាសប្រារព្ធ “ទិវាប្រាក់រៀល” លើកទី៣៨ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ទាំងមន្ត្រីធនាគារជាតិ នៃកម្ពុជា ទាំងអ្នកចូលរួម បានអំពាវនាវឱ្យប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ខណៈការប្រើប្រាស់ប្រាក់រៀលនាពេលបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។ នៅមានកម្រិត ដោយសារតែប្រាក់ដុល្លារ បានវាយលុកចូលកម្ពុជាតាមរយៈជំនួយ ការវិនិយោគ ចំណូលពីការនាំចេញ និងទេសចរណ៍ជាដើម។
លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងថ្ងៃប្រារព្ធ “ទិវាប្រាក់រៀល” លើកទី៣៨ ថា កត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌដ៏រឹងមាំមួយដែលផ្តល់លទ្ធភាពឱ្យកម្ពុជាបង្កើនការប្រើប្រាស់ប្រាក់រៀលកាន់តែបានទូលំទូលាយ។ លោកជំទាវទេសាភិបាលរងធនាគារជាតិ បានបន្តថា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ទាមទារឱ្យមានការចូលរួមកាន់តែសកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។
សូមបញ្ជាក់ថា លិខិតឆ្លងដែនធម្មតា (Passport) នៃព្រះរាជាណាចក្រកម្ពុជា គឺជាឯកសារបញ្ជាក់ថាជនដែលកាន់លិខិតឆ្លងដែននេះជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។ លិខិតឆ្លងដែនធម្មតា នៃព្រះរាជាណាចក្រកម្ពុជា គឺជាឯកសារផ្លូវច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅព្រះរាជាណាចក្រកម្ពុជា។