ខេត្តមណ្ឌលគិរី-ដោយ: ក.ស្រីម៉ៅ
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យ “ពុទ្ធិខ្មែរ” ដឹងថា ការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនផល-អនុផលព្រៃឈើរបស់ក្រុមឈ្មួញខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃទាំងប្រាំ រួមមានៈ ដែនជម្រកសត្វព្រៃភ្នំព្រេច, ដែនជម្រកសត្វព្រៃភ្នំណាមលៀ, ដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះញែក ស្រុកកែវសីមា និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានគេសង្ស័យថាអាចជាប់ពាក់ព័ន្ធ អំពើពុករលួយដោយការឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទើបបណ្តាលឱ្យសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើពីក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃទាំងប្រាំបានយ៉ាងរលូនដូច្នេះ។
ប្រភពដែលស្និទ្ធនឹងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការដែលលោក កែវ សុភគ៌ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងបរិស្ថាន ចាំជួយដោះស្រាយនិងការពាររូបលោកគ្រប់ពេលវេលា។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីបានឱ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញធំៗជាច្រើននាក់ក្នុងនោះមានទាំងមេឈ្មួញ សឹង សំអុល មេឈ្មួញ ប៉ោ សំអឿន និងមេឈ្មួញ តុប វីដា ផងដែរកំពុងសម្រុកកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ដូចជាព្រៃការពារ និងព្រៃអភិរក្សក្បែរៗនោះយ៉ាងពេញបន្ទុក តែពុំដែលឃើញមន្ត្រីបរិស្ថានខេត្តចុះទប់ស្កាត់ និងបង្ក្រាបនោះឡើយ។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកពេជ្រាដា និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា នាពេលថ្មីៗនេះមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានខេត្ត បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ និងតំបន់អភិរក្សជីវៈចម្រុះកែវសីមាជាបន្តបន្ទាប់។ ប៉ុន្តែការបង្ក្រាបនោះគ្រាន់តែធ្វើឱ្យល្អមើលប៉ុណ្ណោះ ព្រោះករណីខ្លះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចអាវុធហត្ថជាអ្នកបង្ក្រាប បែរជាមន្ត្រីបរិស្ថាន ជាអ្នកដោះលែងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។
ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានរិះគន់ចំៗថា លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត មានពេលអង្គុយមើលជ្រូកព្រៃផឹកទឹក តែពុំមានពេលបង្កាបបទល្មើសព្រៃឈើដែលកំពុងកើតមានពេញបន្ទុកក្នុងភូមិសាស្ត្រតំបន់អភិរក្សរបស់ខ្លួន។
ជុំវិញការចោទប្រកាន់ខាងលើ កាសែត និងគេហទំព័រ “ពុទ្ធិខ្មែរ” មិនអាចទាក់ទងសុំការបញ្ជាក់ពីលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទេនៅថ្ងៃនេះ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានគ្រប់គ្រងដែនជម្រកសត្វព្រៃចំនួន៥ រួមមាន ÷
១-ដែនជម្រកសត្វព្រៃភ្នំព្រេច មានផ្ទៃដីសរុបទំហំ ២២២,៥០០ (ពីរសែនពីរម៉ឺនពីរពាន់ប្រាំរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
២-ដែនជម្រកសត្វព្រៃភ្នំណាមលៀ មានផ្ទៃដីទំហំ ២១,៩៣៣ (ពីរម៉ឺនមួយពាន់ប្រាំបួនរយសាមសិបបី) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
៣-ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីទំហំ ២៩២,៦៩០ (ពីរសែនប្រាំបួនម៉ឺនពីរពាន់ប្រាំមួយរយកៅសិប) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
៤-ដែនជម្រកសត្វព្រៃស្រែពក មានផ្ទៃដីទំហំ ៣៧២,៩៧១ (បីសែនប្រាំពីរម៉ឺនពីរពាន់ប្រាំបួនរយចិតសិបមួយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
៥-ដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។