លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​ថ្មី

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប ជំនួស​លោក សូរ ប្លាតុ​ង ទៅកាន់​មុខ​តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​លោក នួន ពុទ្ធា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប ដែល​ទើប​ប្រកាស​តែងតាំង បាន​ថ្លែង​នូវ​ការប្តេជ្ញាចិត្ត​ចំពោះ​ការងារ​ថ្មី​ដែល​ថ្នាក់ដឹកនាំ​បាន​ផ្តល់​សេចក្តីទុកចិត្ត និង​ប្រគល់​ភារកិច្ច​ឱ្យ​នៅ​ពេល​នេះ ហើយ​សន្យា​ខិតខំ​ធ្វើ​កិច្ចការ​ថ្មី​នេះ​ឱ្យបាន​ល្អ តាម​បទពិសោធន៍​ការងារ​ដែល​ធ្លាប់​ឆ្លងកាត់​រាប់មិនអស់ និង​គ្រប់​បែប​បទ​នា​ពេលកន្លងមក​។​

​សូមជម្រាបថា យោង​អនុក្រឹត្យ​លេខ ១០២៣ អនក្រ​.​ត​ត ចុះ​ថ្ងៃ​សុក្រ ៩​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី “​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​” ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​÷
​មាត្រា​១ ÷ ផ្ទេរ​ភារកិច្ច​លោក សូរ ប្លាតុ​ង ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ ពី​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប ឱ្យទៅ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​មាត្រា​២ ÷ តែងតាំង​មន្ត្រីរ​រាជការ​ចំនួន ០៤​រូប ឱ្យទៅ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក នៅក្នុង​ខេត្ត​សៀមរាប ដូច​មាន​រាយ​នាម​ខាងក្រោមៈ​
១-​លោក នួន ពុទ្ធា​រ៉ា ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១ ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​។​
២-​លោក ម៉ក់ ប្រុស ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​។
៣-​លោក ពៅ ប៊ុនធឿន ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៤ ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ជីក្រែង សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​។​
៤-​លោក លុក ផុស ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​អង្គរជុំ សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​៕

 

pu181113c02 pu181113c02a pu181113c03 pu181113c04 pu181113c05 pu181113c06 pu181113c07 pu181113c08 pu181113c09-(1) pu181113c09-(2) pu181113c09-(3) pu181113c09-(4) pu181113c09-(5) pu181113c09-(6) pu181113c09-(7) pu181113c09-(8) pu181113c09-(9) pu181113c09-(10) pu181113c09-(11) pu181113c09-(12) pu181113c09-(13) pu181113c09-(14)

pu181113c01 pu181113c10 pu181113c11