​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​ពិភពលោក​ស្ដីពី “​វប្បធម៌​ទេសចរណ៍​” មាន​ប្រទេស​ចូលរួម​ជាង​៩០

ខេត្តសៀមរាប​-​ដោយៈ​ប៉ាកកា​មាស​
​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​សន្និសីទ​ពិភពលោក ស្ដីពី “​ទេសចរណ៍​វប្បធម៌​” ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ប្រជុំ​នៅ​ថ្ងៃទី​៤​ខែ​កុម្ភៈ​ខាង​មុខ​នេះ​។​

​សន្និសីទ​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​នេះ គឺ​មាន​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ខាង​វប្បធម៌ និង​ទេសចរណ៍ មកពី​ប្រទេស​ចំនួន​ជាង​៩០​ចូលរួម​។​
​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប មានប្រសាសន៍​ថា​ពេញ​មួយថ្ងៃ ច័ន្ទ​ទី​២​ខែ​កុម្ភៈ គឺ​រូប​លោក និង​មន្ត្រី​រដ្ឋាភិបាល ជាច្រើន​ទៀត កំពុង​ប្រចាំការ​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​បដិសណ្ឋារកិច្ច និង​ទទួល​គណៈប្រតិភូ ដែល​កំពុង​ធ្វើដំណើរ​តាម​យន្តហោះ​ជា​បន្តបន្ទាប់​។​

​លោក ង៉ូវ សេង​កាក់ បញ្ជាក់បន្ថែម​ថា ចាប់​តាំងពី​ព្រឹក រហូតមក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ គឺ​មាន​គណៈប្រតិភូ ជាច្រើន​ប្រទេស​ហើយ ដែល​មក​ដល់​ខេត្តសៀមរាប​៖ “​ខាង​អង្គការ​យូណេស្កូ មក​អស់​ហើយ មានអេ​ស្ប៉ាញ មាន​អាមេរិកាំង រុស្ស៊ី កូរ៉េ ម៉ិក​ស៊ី​កូ ឥណ្ឌូនេស៊ី ជប៉ុន ថៃឡង់​ដ៏ អាហ្វ្រិក​ខាងត្បូង ហុងកុង ប្រទេស​កូ​ឌូ​វ័រ មក​បន្តបន្ទាប់​ថ្ងៃ​មក​ច្រើន​”​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា សន្និសីទ​ពិភពលោក ស្ដីពី “​ទេសចរណ៍​វប្បធម៌​” ក្រោម​ប្រធានបទ “​ការកសាង​បង្កើត​ដៃគូ​ថ្មី​” គឺជា​គំនិត​របស់​អង្គការ​យូណេស្កូ និង​អង្គការ​ទេសចរណ៍​ពិភពលោក ដែល​ផ្ដល់ឱ្យ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ សហការ​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ឯកឧត្តម ថោង ខុន បាន​បញ្ជាក់ទៀតថា ក្រុម​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ មកពី​បណ្ដា​ប្រទេស​ជាង​៩០ នៅលើ​ពិភពលោក នឹង​ជួបពិភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ច​ផ្សារភ្ជាប់ ដើម្បី​ឈាន​ទៅរក​ការជួយ​គ្នា​ទៅវិញទៅមក លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​៖ “​វប្បធម៌ គឺជា​គន្លឹះ ជា​កន្លែង​មួយ​ដែល គេ​ចាប់​អារម្មណ៍​ហើយ​គេ​ឃើញ​ថា កម្ពុជា​យើង​នេះ វា​មាន​ធ្វើជា​គំរូ​មួយ​ក្នុង​ការអភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ វប្បធម៌​នេះ ដោយសារតែ​មាន​ការគ្រប់គ្រង​អង្គរ​បាន​ល្អ ធ្វើឱ្យ​ទេសចរណ៍​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​”​។​

​ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នឹង​ចូលរួម​នៅក្នុង​សន្និសីទ​ពិភពលោក ស្ដីពី “​ទេសចរណ៍​វប្បធម៌​” នេះដែរ​។​
​ក្រសួង​ទេសចរណ៍​កម្ពុជា រំពឹង​ថា​តាមរយៈ​សន្និសីទ​ពិភពលោក ដែល​មាន​ប្រទេស​ជាង​៩០​មក​ចូលរួម​នេះ គឺជា​ឱកាស​ផ្សព្វផ្សាយ​ដ៏​សំខាន់ ព្រមទាំង​អាច​ធ្វើឱ្យ​ប្រទេស​កម្ពុជា ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ កាន់តែ​ច្រើន​ថែមទៀត​នៅពេល​ខាងមុខ​នេះ​៕

2015_02_02pk4 index