លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ជំនួស​លោក ម៉ក់ សំភារ អតីត​អភិបាលស្រុក​ប្រាសាទបាគង ដែល​ត្រូវបាន​ចូលនិវត្តន៍ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ផ្តល់​អានុសាសន៍​ដល់​លោក សូរ ប្លាតុ​ង ដែល​ទើបតែ​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង​ថ្មី​ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការបន្ត​អភិវឌ្ឍ​មូលដ្ឋាន​ប្រកប​ដោយ​និរន្ត​ភាព ទាំងនោះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​ប្លង់​មេ​ប្រើប្រាស់​ដីធ្លី ដោយសារ​តែ​បច្ចុប្បន្ន​ការរីកចម្រើន​របស់​ក្រុង​សៀមរាប​នឹង​អាច​ពង្រីក​ចូល​ដល់​ដែន​ភូមិសាស្ត្រ​នៃ​ស្រុក​ប្រាសាទបាគង​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បានបញ្ជាក់​ថា ការផ្លាស់ប្ដូរ​លោក សូរ ប្លាតុ​ង ពី​ក្រុង​សៀមរាប ទៅ​ស្រុក​ប្រាសាទបាគង​នេះ​មិនមែន​លោក​មាន​កំហុស​ក្នុង​អាណត្តិ​លោក​ឡើយ​។ ផ្ទុយទៅវិញ លោក សូរ ប្លាតុ​ង បាន​បំពេញការងារ​យ៉ាង​ល្អ និង​គួរ​យក​គំរូ​តាម ខណៈដែល​ស្រុក​ប្រាសាទបាគង​នេះ​ជា​ក្រុង​រណប​របស់​ខេត្តសៀមរាប ហើយ​ត្រូវការ​បុគ្គល​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍​ទៅ​គ្រប់គ្រង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​។​

​ឯកឧត្តម​បណ្ឌិត បាន​បន្តថា យើង​សង្ឃឹមថា លោក​អភិបាលស្រុក​ប្រាសាទបាគង​ថ្មី​នេះ​នឹង​ខិតខំ​យកចិត្តទុកដាក់​កសាង​ប្លង់គោល ប្រើប្រាស់​ដីធ្លី​ឱ្យ​បាន​ឆាប់រហ័ស​សម្រាប់​ប្រើប្រាស់​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុង​សៀមរាប ដែល​បច្ចុប្បន្ន​នេះ​បាន​កសាង​ប្លង់​គោល​ប្រើប្រាស់​ដី​រួចរាល់​ហើយ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ និង​ជំហាន​បន្ទាប់​នៅក្នុង​ផែនការ​ពង្រីក​ទីក្រុង​ឱ្យ​ក្លាយជា​ទីក្រុង​ទេសចរណ៍​មួយ​ដែល​មាន​សោភ័ណភាព ដូចនេះ​ស្រុក​ប្រាសាទបាគង​គឺ​ស័ក្ដិសម​ជា​ទីបំផុត​។​

​ជា​ការឆ្លើយតប លោក សូរ ប្លាតុ​ង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង​ដែល​ទើប​ប្រកាស​តែងតាំង បាន​ថ្លែង​នូវ​ការប្តេជ្ញាចិត្ត ចំពោះ​ការងារ​ថ្មី​ដែល​ថ្នាក់ដឹកនាំ​បាន​ផ្តល់​សេចក្តីទុកចិត្ត និង​ប្រគល់​ភារកិច្ច​ឱ្យ​នៅ​ពេល​នេះ ហើយ​សន្យា​ខិតខំ​ធ្វើ​កិច្ចការ​ថ្មី​នេះ​ឱ្យបាន​ល្អ តាម​បទពិសោធន៍​ការងារ​ដែល​ធ្លាប់​ឆ្លងកាត់​រាប់មិនអស់ និង​គ្រប់​បែប​បទ​នា​ពេលកន្លងមក​។​

​លោក សូរ ប្លាតុ​ង បាន​បន្ថែមថា ចាប់ពី​ពេលនេះ​តទៅ ខ្ញុំបាទ​នឹង​មាន​វត្តមាន​នៅ​ទីនេះ ដើម្បី​រួមរស់ រួម​សុខ រួម​ទុក្ខ រួម​បម្រើ និង​រួម​ការពារ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ប្រាសាទបាគង​! ហើយ​យើង​រួម​សហការណ៍​គ្នា​ធ្វើ​គ្រប់​បែបយ៉ាង​ដើម្បី​ឱ្យ​ស្រុក​ប្រាសាទបាគង របស់​យើងទាំងអស់គ្នា​មាន​ភាព​រីកចម្រើន ស្នាមញញឹម ប្រកប​ទៅ​ដោយ​សុភមង្គល​គ្រប់​ក្រុម​គ្រួសារ​។​

​សូមជម្រាបថា យោង​អនុក្រឹត្យ​លេខ ១០២៣ អនក្រ​.​ត​ត ចុះ​ថ្ងៃ​សុក្រ ៩​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី “​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​” ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​÷
​មាត្រា​១ ÷ ផ្ទេរ​ភារកិច្ច​លោក សូរ ប្លាតុ​ង ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ ពី​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប ឱ្យទៅ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​មាត្រា​២ ÷ តែងតាំង​មន្ត្រីរ​រាជការ​ចំនួន ០៤​រូប ឱ្យទៅ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក នៅក្នុង​ខេត្ត​សៀមរាប ដូច​មាន​រាយ​នាម​ខាងក្រោមៈ​
១-​លោក នួន ពុទ្ធា​រ៉ា ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១ ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​។​
២-​លោក ម៉ក់ ប្រុស ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​។
៣-​លោក ពៅ ប៊ុនធឿន ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៤ ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ជីក្រែង សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​។​
៤-​លោក លុក ផុស ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​អង្គរជុំ សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​៕

 

pu181113a00 pu181113a01 pu181113a02 pu181113a03 pu181113a04 pu181113a06-(1) pu181113a06-(2) pu181113a06-(3) pu181113a06-(4) pu181113a06-(5) pu181113a06-(6) pu181113a06-(7) pu181113a07-(1) pu181113a07-(2) pu181113a07-(3) pu181113a07-(4) pu181113a07-(5) pu181113a07-(6) pu181113a07-(7) pu181113a08 pu181113a09